(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញជំហរសហការជាមួយស្ថានទូតគុយបាប្រចាំកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានគុយបា។

ជំហរនេះត្រូវបានបញ្ជាក់ក្នុងជំនួបពិភាក្សារវាងលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី មីឡេណា ការីដាដ ហ្សាលឌីវ៉ារ ភីដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមុថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មានកាន់តែល្អបន្តទៅមុខទៀត ជាពិសេសជំរុញកិច្ចសហការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL)។

គួររំឭកថា កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានការចុះហត្ថលេខាលើអនុស្សរណៈស្តីពីការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តំណាងដោយលោកស្រីអគ្គនាយិកា សុខមុំ និមល និងទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL) តំណាងដោយលោកអគ្គនាយក Luis Enrique Gonzalez Acosta។

លោកស្រី ភីដ្រា បានជម្រាបពីគម្រោងមួយចំនួនរបស់ស្ថានទូតគុយបាប្រចាំកម្ពុជា ក្នុងនោះរួមមានការត្រៀមរៀបចំការប្រារព្ធខួបការផ្តល់ជំនួយលើកដំបូងរបស់ប្រទេសគុយបាមកដល់ប្រទេសកម្ពុជា ក្រោយពេលរបបខ្មែរក្រហមបានដូលរលំនៅឆ្នាំ១៩៧៩។ ជាមួយនេះ ក៏ត្រៀមរៀបចំការតាំងពិព័រណ៍រូបថតពាក់ព័ន្ធសកម្មភាពរបស់អ្នកជំនាញការនៃប្រទេសគុយបានៅកម្ពុជា។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ពីជំហររួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានគុយបា ព្រមទាំងពង្រឹងទំនាក់ទំនងរវាងសមាគមសារព័ត៌មានគុយបា និងសមាគមសារព័ត៌មានកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មាននៃប្រទេសទាំងពីរ។

ទំនាក់ទំនងរវាងកម្ពុជា-គុយបាបានបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាជាពិសេសនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងព័ត៌មានរវាងប្រទេសទាំងពីរ ដោយត្រូវធ្វើការពង្រីកទៅលើកិច្ចការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីផ្សាយអំពីការពិតកម្ពុជាទៅកាន់ប្រទេសគុយបា ដើម្បីឱ្យប្រជាជនបានដឹង ហើយក៏ផ្សាយត្រឡប់វិញពីប្រទេសគុយបា ដើម្បីឱ្យប្រជាជនកម្ពុជាបានទទួលបានព័ត៌មានជាប្រចាំពីអ្វីដែលជាការវិវឌ្ឍនៃស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចរបស់គុយបាឱ្យប្រជាជនកម្ពុជាបានយលដឹងវិញផងដែរ៕

.