(ភ្នំពេញ)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់អំណោយជាសម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូង របស់លោកបណ្ឌិត Billy Chan ជា Chairman of the Board of Sino-Phil Asia International Peace Awards Foundation INC ជូនដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវានៅក្នុងមន្ទីរពេទ្យ ឱ្យកាន់តែប្រសើរបន្ថែមទៀត។

ពិធីប្រគល់-ទទួល អំណោយសម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូងនេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីយភាព លោកបណ្ឌិត ហេង សុខ គង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍, ជាអនុប្រធានសមាគមវេជ្ជសាស្ត្រអន្តរជាតិ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។

ថ្លែងក្នុងកម្មវិធីប្រគល់-ទទួល អំណោយសម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូងនាឱកាសនោះ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថាសម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូងនេះ ជាអំណោយរបស់លោកបណ្ឌិត Billy Chan តាមរយៈសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នឹងជួយឱ្យមន្ទីរពេទ្យកុមារជាតិ កាន់តែមានសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍគុណភាពសេវាសុខាភិបាល ដើម្បីសុខុមាលភាពប្រជាជនកាន់តែប្រសើរ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបន្តថា នេះជាលើកទី២ហើយ ដែលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់មកមន្ទីរពេទ្យកុមារជាតិ ដោយកាលពីឆ្នាំ២០២៣កន្លងទៅ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានផ្តល់លើកទី១ ដែលអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន មានី ប្រធាន ស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជាម៉ាស៊ីនអេកូបេះដូង ដែលមានប៉ូល២ ចំនួន១ឈុត ដែលមានតម្លៃប្រមាណ ២ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិសម្រាប់ការប្រើប្រាស់ក្នុង ការថតឆ្លុះពោះ និងបេះដូងលើកុមារ ដើម្បីជួយសម្រួលដល់ការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ដោយមានការគាំទ្រយ៉ាងខ្លាំងក្លា ពីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការគាំទ្រមតិយោបល់របស់ក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិ ព្រមជាមួយការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់បុគ្គលិកគ្រប់ផ្នែកទាំងអស់ក្នុងមន្ទីរពេទ្យ កុមារជាតិបានជំរុញឱ្យមន្ទីរពេទ្យកុមារជាតិ មានឱកាសបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តការ ជាមួយដៃអភិវឌ្ឍនានា ក្នុងការអភិវឌ្ឍទាំងគុណភាពសេវា បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពរបស់បុគ្គលិកគ្រប់ជំនាញ ក្នុងគោលបំណងផ្តល់ជូននូវសេវាសុខាភិបាល ប្រកបដោយ គុណភាព ប្រសិទ្ធិភាពសុវត្ថិភាព និងគុណធម៌ ដល់ប្រជាពលរដ្ឋទាំងអស់ដោយមានទំនុកចិត្តខ្ពស់ និងភាពជឿជាក់លើការថែទាំព្យាបាលទារក និងកុមារ ស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាលក្នុង ការពង្រឹងគុណភាពសេវាសុខាភិបាលកម្ពុជា។

ក្នុងឱកាសនោះលោកបណ្ឌិត ហេង សុខគង់ បានថ្លែងថា ការផ្តល់សម្ភារៈវះកាត់ និងម៉ាស៊ីនអេកូបេះដូង ជូនដល់មន្ទីរពេទ្យកុមារជាតិនេះ ដើម្បីចូលរួមលើកកម្ពស់គុណភាពផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ជូនកុមារកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀតហើយ ស ម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក នឹងខិតខំស្វែងរកដៃគូផ្សេងៗទៀត ដើម្បីជួយដល់មន្ទីរពេទ្យកុមារជាតិជាបន្តបន្ទាប់ទៀត។

លោកបានបន្តថា កន្លងមកក្រៅពីមន្ទីរពេទ្យកុមារជាតិ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ធ្លាប់បានជួយដល់មន្ទីរពេទ្យផ្សេងៗទៀតផងដែរ ដូចជាមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យលោកសង្ឃ និងមជ្ឈមណ្ឌលគាំពារមាតា និងទារកជាដើម។

គួរបញ្ជាក់ថាមន្ទីរពេទ្យកុមារជាតិ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិ ការជាមួយគ្នាចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដែលរហូតមកដល់បច្ចុប្បន្ននេះ មានសមាជិកសមាសភាពសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សាខាមន្ទីរពេទ្យកុមារជាតិចំនួន ២៩៣នាក់ ក្នុងចំណោមបុគ្គលិកមន្ទីរពេទ្យកុមារជាតិ សរុប ៧៦២នាក់៕