(ភ្នំពេញ)៖ លោក ជា ប៊ុនសេង អ្នកថតរូបនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានទទួលមរណភាពក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយជនសង្ស័យ​ម្នាក់បានលួចម៉ូតូ​ ហេីយជិះបុកម៉ូតូរបស់គាត់ពេញទំហឹង នៅវេលា​ម៉ោង១៖២៥នាទីរំលងអាធ្រាត្រ​ឈានចូល​​ ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០២៤។ ហេតុការណ៍​ស្ថិត​នៅចំណុច​ស្តុប​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ តាមបណ្ដោយផ្លូវ​ព្រះនរោត្តម​ កែង១៨៤​ សង្កាត់​ផ្សារថ្មី​ទី៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃអធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ​ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកហេីយឃាត់ជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី​​។

សូមជម្រាបថា ជនរងគ្រោះឈ្មោះ ជា ប៊ុនសេង ជាអ្នកថតរូបនៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ កន្លងមកគាត់ស្ថិតក្នុងក្របខ័ណ្ឌកងទ័ពដែរ ប៉ុន្តែនៅឆ្នាំ២០២៣ គាត់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ហើយ ដោយបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី៕