(កណ្ដាល)៖ ដោយមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅឃុំខ្ពប ស្រុកស្អាង ចំនួន៣នាក់ផ្សេងទៀត បានបន្ដនប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ពួកគាត់ទាំង៣នាក់ សុទ្ធតែបានបញ្ជាក់បែបនេះថា «ពួកខ្ញុំទាំងអស់គ្នា សូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ចាប់ពីពេលនេះតទៅ។ ដោយមើលឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ យើងខ្ញុំសូមស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ ពួកគាត់ក៏បានប្រកាសអំពាវនាវដល់សមាជិក សមាជិកគណបក្សប្រឆាំងទាំងអស់ សូមផ្ដាច់ខ្លួនចេញពីបក្សនេះ ហើយងាកមកចូលរួមគាំទ្រ និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីមានឱកាសបម្រើជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ព្រមទាំងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ៕