(ពោធិ៍សាត់)៖ សមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន នៅសង្កាត់រលាប ក្រុងពោធិ៍សាត់ ចំនួន៣នាក់ផ្សេងទៀត បានបន្ដប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ពួកគាត់បានអះអាងថា ការប្រកាសផ្ដាច់ខ្លួនដោយសារតែគណបក្សនេះ ចេះតែញុះញង់បំបែកបំបាក់ជាតិ ប្រឌិតព័ត៌មានដើម្បីឲ្យតែប្រឆាំងរាជរដ្ឋាភិបាល។
ពួកគាត់រំពឹងថា សម្ដេចតេជោ ហ៊ុន សែន នឹងផ្ដល់ក្ដីអនុគ្រោះហើយផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមចំណែកណាមួយបម្រើជាតិ និងប្រជាជនកម្ពុជា៕