(ព្រៃវែង)៖ ដោយមានការចង្អុលបង្ហាញដ៏ពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ឱកាសនោះលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៨៨០នាក់ ស្រី៣៥៦នាក់ តាមរយៈលោកបណ្ឌិត សេង បញ្ញាឫទ្ធិ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តព្រៃវែង ជាប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនពលរដ្ឋចំនួន១,១៥៥៦នាក់ នៅវិទ្យាល័យ រស្មីសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

កម្មវិធីនេះមានការចូលរួមសហការពី លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង, អភិបាលរងខេត្តព្រៃវែង, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុកទាំង១៣, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្នុងស្រុកពាមជរ អភិបាលស្រុកទាំង ១៣ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អ្នកតំណាងរាស្ត្រ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង យុវជនកាកបាទក្រហមកម្ពុជា សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ និងយុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរ ឃុំ ស្រុក ខេត្តដែលពាក់ព័ន្ធ និងក្រុមការងារ ។

ជាមួយគ្នានេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារ ថ្នាក់កណ្តាល ក៏ដូចជា លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈ លោកវេជ្ជបណ្ឌិត ឡេង វេងសែ និងលោកសាស្រ្តារាច្យ ឈាង សេនា លោកស្រី ហង់ លីណា លោក ភឿន កុសល លោក សេក សម្ភាស លោកវេជ្ជបណ្ឌិត ឌឿន វុទ្ធា លោកវេជ្ជបណ្ឌិត ស៊ុន គង់ លោកវេជ្ជបណ្ឌិត អ៊ុង រតនា លោក អ៊ង ប្រុស លោកស្រីវេជ្ជបណ្ឌិត មួង សុជាតិ ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ ចែកឱសថ ចែកវ៉ែនតា ទឹកសុទ្ធ នំប៉័ង ជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតថ្លៃ ឥតគិតថវិកាបេសកកម្ម បានចំនួន១១៥៥៦នាក់ ស្រីចំនួន៧៧៤២នាក់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន គឺនាំអោយមានកំណើនសេដ្ឋកិច្ចនិងកាតកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោក សួន សុម៉ាលីន បានអបអរសាទរ និង កោតសរសើរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។ លោកក៏បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តព្រៃវែង ក្នុងការពិនិត្យព្យាបាលជំងឺ ចែកឱសថ ដោយឥតគិតថ្លៃ។

លោក លេង​ ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៦ មិថុនា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សកលវិទ្យាល័យ ចំនួន ៣សាខា)»

សូមជ​ម្រាបថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ២០១១ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,២៣៧,០៨២នាក់ (ដប់បីលាន ម្ភៃបីម៉ឺន ប្រាំពីរពាន់ ប៉ែតសិបពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៧៩,០៧៣នាក់ (ប្រាំមួយលាន ចិតសិបប្រាំពីរម៉ឺន ប្រាំបួនពាន់ ចិតសិបបី នាក់) គិតត្រឹម ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦១,៨៥៤,១០០ដុល្លារ (ប្រាំមួយរយហុកសិបមួយលាន ប៉ែតសិបប្រាំម៉ឺន បួនពាន់ មួយរយ ដុល្លារសហរដ្ឋអាមេរិក)។

បើតាមលោក លេង ផាលី បានឲ្យដឹងថា «រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាម របស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១០,៣៦៨ដូស (ដប់មួយលានកៅសិបមួយម៉ឺនបីរយហុកសិបប្រាំបីដូស) ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់»

ជាចុងក្រោយ លោក លេង ផាលី បានបញ្ជាក់ថា «យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិនិងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនគឺនាំអោយមានកំណើនសេដ្ឋកិច្ច និងកាតកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ! យើងទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ តែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ អបអរសាទរ និងគាំទ្រព្រែកជីហ្វូណនតេជោ នាំឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជា»