(កំពុងឆ្នាំង)៖ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ព្រះភិក្ខុជោតញ្ញាណោ អ៊ឹង ប៊ុនហ៊ូវ (បួសរយៈពេលខ្លី) បាននិមន្តអមដំណើរសម្តេចព្រះអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពិនិត្យទីតាំងដីផ្ទាល់ដែលព្រះភិក្ខុជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ បានប្រគេនដីដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីរៀបចំចាត់ចែងជាប្រយោជន៍ព្រះពុទ្ធសាសនា ទំហំ២០០ហិកតា ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ទីតាំងដីខាងលើនេះ ព្រះភិក្ខុជោតញ្ញាណោ អុឹង ប៊ុនហ៊ូវ បានជាវទុកក្នុងគោលបំណងប្រើប្រាស់សម្រាប់រៀបចំជាទីតាំងគោរពសក្ការៈក្នុងវិស័យព្រះពុទ្ធសាសនា (រួមមាន វត្តអារាម និងទីកន្លែងប្រតិបត្តិសមាធិជាដើម) និងការរៀបចំជាទីតាំងទេសចរណ៍ធម្មជាតិដោយផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា និងការការពារ អភិរក្ស ធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងផ្នួសរយៈពេលខ្លីរបស់ឧកញ៉ា ដែលមាននាមបញ្ញត្តិថាព្រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហូវ និងក្រុមញាតិ ដែលបានបរិច្ចាគបន្ថែមនូវដីទំហំ ២០០ហិកតា ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង សម្រាប់កសាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត បានមានសង្ឃដីការសម្ដែងនូវសេចក្ដីរំភើបរីករាយក្រៃលែង ដែលពុទ្ធិកសាកលវិទ្យាល័យ ពិតជាមានភព្វសំណាងជាថ្មីម្ដងទៀត បន្ទាប់ពីធ្លាប់ទទួលបានដីពីព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ កាលពីប្រមាណ៧០ឆ្នាំមុន ប្រើប្រាស់ជាទីតាំងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មកទល់បច្ចុប្បន្ននេះ។ ជាច្រើនឆ្នាំមកហើយ គណៈសង្ឃកម្ពុជា តែងតែស្រម៉ៃផង ដើរបិណ្ឌបាត្រដីអ្នកស្រុកផង និងព្រះសង្ឃផង ដើម្បីយកដីមកពង្រីកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ហើយនៅទីបំផុត គឺព្រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហូវ ជាអ្នកធ្វើឱ្យក្ដីសុបិននេះក្លាយជាការពិត៕