(កំពង់ស្ពឺ)៖ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺ បានប្រាប់ទៅដល់ពលរដ្ឋដែលរស់នៅតាមបណ្តាក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ឱ្យចូលរួមសហការ និងរាយការណ៍បន្ទាន់មកកាន់មន្ត្រីជំនាញពេទ្យសត្វក្នុងភូមិ ឬមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ក្នុងករណីមានសត្វគោក្របីរបស់ខ្លួនមានកើតជំងឺបូសខ្យល់ ឬដុំពក ដើម្បីឱ្យមន្ត្រីជំនាញជួយអន្តរាគមន៍ពិនិត្យបានទាន់ពេលវេលា។

ការឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពេលជំនាញចុះពិនិត្យសត្វពាហានៈ, ប្រធានមន្ទីរ បានឱ្យដឹងថា កន្លងទៅថ្មីៗ មានសត្វគោក្របីរបស់ប្រជាពលរដ្ឋ ផ្ទុះនូវជំងឺបូសខ្យល់ ឬដុំពកហើជំងឺភាគច្រើន នៅដើមរដូវធ្លាក់ភ្លៀងនេះ ព្រោះជារដូវដែលមានស្មៅដុះ ដង្កូវហ្វូង ឬដង្កូវផ្សេងទៀតបានចេញស៊ីស្មៅ ឬស្លឹករុក្ខជាតិនៅតាមទីវាល នៅពេលគោក្របីស៊ីស្មៅ ឬស្លឹករុក្ខជាតិដោយដង្កូវទាំងនោះ ក៏បណ្តាលឱ្យកើតមានជំងឺខាងលើនេះ។ មួយវិញទៀតនៅរដូវធ្លាក់ភ្លៀងថ្មីនេះដែរ ក៏អាចឱ្យគោក្របីកើតមានជំងឺបូសខ្យល់ ឬដុំពក ខណៈវាបានផឹកទឹកដែលមានបាក់តេរីនៅតាមថ្លុក ឬស្រែ។

ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ថ្មីៗនេះជំងឺបូសខ្យល់ និងជំងឺដុំពក បានកើតឡើងលើគោក្របីរបស់ប្រជាកសិកររស់នៅក្នុងក្រុងឧដុង្គម៉ែជ័យ ប៉ុន្តែក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មន្ទីរបានបញ្ជូនមន្ត្រីជំនាញបសុពេទ្យចុះអន្តរាគមន៍ចាក់ថ្នាំទាន់ពេលវេលា គោក្របីទាំងនោះក៏បានជាសះស្បើយហើយដែរ។

ជាមួយនេះ ប្រធានមន្ទីរកសិកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ស្ពឺ ដែលមានសត្វគោ ក្របី ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចូលរួមសហការជាមួយមន្ទីរកសិកម្មបហើយត្រូវរាយការណ៍ឱ្យទាន់ពេលវេលានូវព័ត៌មាននៃការផ្ទុះជំងឺខាងលើដល់ភ្នាក់ងារពេទ្យសត្វភូមិ ដើម្បីឱ្យមន្ត្រីជំនាញមានលទ្ធភាពក្នុងការចុះព្យាបាលដល់សត្វដែលឈឺទាំងនោះទាន់ពេល៕