(ភ្នំពេញ)៖ កម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលភ្ញៀវទេសចរឥណ្ឌា បន្ទាប់ពីកម្ពុជាមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ដោយកម្ពុជាបានត្រៀមសណ្ឋាគារ, ម្ហូបអាហារ ព្រមទាំងកន្លែងដើរកំសាន្ដ តំបន់ទេសចរណ៍ជាច្រើនផ្សេងទៀត។

នេះបើតាមការលើកឡើងរបស់លោក ហ៊ុល សិលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្នុងកម្មវិធីប្រកាសជាផ្លូវការ «ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១»

លោក ហ៊ុល សិលា បានឲ្យដឹងថា «កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរឥណ្ឌា ដោយក្នុងនោះកម្ពុជា បានរៀបចំសណ្ឋាគារ ម្ហូបឥណ្ឌាសម្រាប់ទទួលភ្ញៀវទេសចរ និងមានកម្មវិធី រួមទាំងតំបន់ទេសចរណ៍ច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌា»

លោកបានថ្លែងបន្ថែមថា អ្វីដែលសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឥណ្ឌានេះ គឺកម្ពុជាមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ដែលនេះជាហេតុផលចម្បង ដែលជំរុញឲ្យទេសចរណ៍ឥណ្ឌាចូលមកកម្ពុជា។

លោកបានបញ្ជាក់ថា «បន្ទាប់ពីមានយុទ្ធនាការផ្សព្វផ្សាយ «ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១»នេះ រួមទាំងការហោះហើរត្រង់រវាងប្រទេសទាំង២ កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរជាច្រើន ចូលមកពិសេសទេសចរឥណ្ឌានេះឯង។ ដូច្នេះ សូមសំណរពរឲ្យប្រជាពលរដ្ឋកម្ពុជា រួមគ្នាត្រៀមទទួលភ្ញៀវទេសចរឥណ្ឌាឲ្យបានល្អ ហើយចំពោះការហូរចូលនៃទេសចរឥណ្ឌានេះ នឹងនាំឲ្យសេដ្ឋកិច្ច មានភាពល្អប្រសើរឡើង ហើយនឹងជួយរុញឲ្យជីវភាពប្រជាជន មានចំណូលកាន់តែល្អប្រសើរបន្ថែមទៀត»

​សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា Cambodia Angkor Air បានចាប់ផ្តើមដំណើរការហោះហើរររវាងរាជធានីភ្នំពេញ និងទីក្រុងញូវដេលី ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខណៈក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ អនុញ្ញាតឱ្យបើកជើងហោះហើរត្រង់មកកម្ពុជា ចាប់ពីខែតុលា ឆ្នា​​២០២៤។

សូមបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងទេសចរណ៍ នៅឆ្នាំ២០២៣ កម្ពុជាទទួលភ្ញៀវទេសចរសរុបចំនួនជាង ៥.៤លាននាក់ ក្នុងនោះមានភ្ញៀវឥណ្ឌាចំនួនជិត ៧ម៉ឺននាក់។ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត ១.៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរឥណ្ឌា ២ម៉ឺននាក់៕