(កំពង់ឆ្នាំង)៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនជិតដល់មន្ទីពេទ្យ ដោយសារជិះម៉ូតូបុកជាមួយនឹងគោយន្តដឹកដើមធ្នង់ចំពីក្រោយ កាលពីនៅវេលាម៉ោងជាង៧៖០០នា ទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥៣ ត្រង់ចំណុចភូមិត្រវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បើតាមលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រែបាក់ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលរបស់លោក សហការជាមួយកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះធ្វើការនិងតាមរុករកគោយន្តដែលម្ចាស់បានបើកគិចចេញពីកន្លែងកើតហេតុទាំងយប់ និងបានរកឃើញគោយន្តខាងលើនេះដែលត្រូវបានគេបើកយកមកលាក់ទុកនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាបៀរ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ទាំងយប់ផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ គឺអ្នកបើកបរគោយន្តពុំបានឈប់ធ្វើការដោះស្រាយជាមួយជនរងគ្រោះនៅកន្លែងកើតហេតុនោះទេ ដោយគេបានបើកគោយន្តគេចចេញពីកន្លែងកើតហេតុអូសទាំងម៉ូតូរបស់ជនរងគ្រោះដែលជាប់និងគោយន្តពីក្រោយចម្ងាយប្រមាណជាង១គីឡូម៉ែត្រទើបរបូតម៉ូតូចេញពីគោយន្ត ចំណែកគោយន្តនិងដើមធ្នង់ជាច្រើនដើមដែលគេដឹកនៅលើគោយន្តនោះបានយកមកលាក់ទុកចោលនៅភូមិសាស្ត្រខាងលើនេះ។

លោកបានបញ្ជាក់ទៀតថា ចំណែកគោយន្ត និងវត្ថុតាងត្រូវបានរក្សាទុកនៅទីតាំងដែលម្ចាស់គោយន្តបានបើកយកមកលាក់ទុកនៅក្នុងភូមិអាឡែងនេះជាបណ្ដោះអាសន្នសិន ដោយលោកបានចាត់កម្លាំងប្រជាការពារ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់លោកនៅដេកចាំយាមដោយរង់ចាំបទបញ្ជាពីថ្នាក់លើ។

លោកអធិការរងនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះឲ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺកម្លាំងរបស់លោកបានធ្វើការងារនេះពេញមួយយប់ ដោយសារតែអ្នកបើកបរគោយន្ត បន្ទាប់ពីកើតហេតុភ្លាមរូបគេបានបើកគោយន្តគេចចេញពីកន្លែងកើតហេតុ ហើយកម្លាំងរបស់លោកបានតាមរុករកជាច្រើនម៉ោង ទើបប្រទះឃើញគោយន្តដែលគេបើកយកមកលាក់ទុកនៅក្នុងភូមិអាឡែង ក្នុងឃុំជ្រៃបាក់ ដែលមានចម្ងាយពីកន្លែងកើត ហេតុប្រមាណជា៣គីឡូម៉ែត្រ។

លោកបានឱ្យដឹងទៀតថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះមានទីលំនៅក្នុងភូមិត្រពាំងតាសុខ រីឯអ្នកបើកបរគោយន្តមាននាទីលំនៅក្នុងភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ។ នៅមុនពេលកើតហេតុគោយន្តនេះមានដឹកដើមធ្នង់ជាច្រើនដើមហើយបើកបរនៅពេលយប់ដោយខ្វះការប្រុងប្រយ័ត្នទាំងសងខាង ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់បែបនេះ ករណីនេះលោកកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងផងដែរ៕