(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់កក្កដា ដើម្បីត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, គ្រឿងញៀន, ការអនុវត្ត គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព, សភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងបញ្ហាផ្សេងៗ។

បន្ទាប់ពីមន្ទីរអង្គភាព និងរដ្ឋបាលស្រុក ក្រុង បានលើកឡើងពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន រួមគ្នាដោះស្រាយនោះរួចមក, លោក ខូយ រីដា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញកិច្ចការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ដោយទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្តបន្តថា ទន្ទឹមនឹងជោគជ័យនេះដែរ យើងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវធ្វើការដោះស្រាយ ពិសេសបញ្ហាក្មេងទំនើង បញ្ហារុករកមាសនៅស្រុកតាលោសែនជ័យ បញ្ហាបទល្មើសព្រៃឈើនៅស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ដែលបញ្ហាទាំងនេះទាមទារឱ្យមន្ត្រីជំនាញ ធ្វើការទប់ស្កាត់ និងបង្ក្រាប ឱ្យបានគ្រប់ជ្រុងជ្រោយ។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តបន្ត ចំនួន៥ចំណុចធំៗ រួមមាន៖
ទី១៖ លោកសូមស្នើដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ត្រូវត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីរាជការ ក៏ដូចជាការគ្រប់គ្រងបញ្ជីវត្តមានប្រចាំថ្ងៃរបស់មន្ត្រីឱ្យបាន ដែលកិច្ចការទាំងអស់នេះ គឺជាភាពប៉ិនប្រសព្វ នៃការដឹកនាំ និងគ្រប់គ្រងបុគ្គលិក របស់អស់លោក។
ទី២៖ ត្រូវពង្រឹងការងាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព អនាម័យបរិស្ថាន រៀបចំរបៀបរៀបរយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យគ្រប់ជ្រុងជ្រោយ ដោយត្រូវលុបបំបាត់សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងត្រូវធ្វើផែនការ រៀបចំកម្លាំងចុះល្បាត សហការជាមួយកម្លាំងប្រជាការពារ។
ទី៣៖ ខិតខំយកចិត្តទុកដាក់ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងត្រូវរៀបចំក្រុមការងារផ្តល់សេវា តាមបណ្តាក្រុង ស្រុក និងខេត្ត។
ទី៤៖ ធ្វើការឆ្លើយតប និងវាយបក ឱ្យបានទាន់ពេលវេលា ជុំវិញព័ត៌មានបំភ្លៃការពិត នៅតាមបណ្តាញសង្គមនានា ដែលកិច្ចការនេះ មន្ទីរព័ត៌មានត្រូវមុខការ។
ទី៥៖ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យខាងតែបាន ចំពោះបទល្មើសព្រៃឈើ បទល្មើសរុករានដីព្រៃធ្វើជាកម្មសិទ្ធិ និងបទល្មើសនេសាទជាដើម។
ទី៦៖ ពង្រឹងការដោះស្រាយសំណូមពរប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយសំណូមពរតូចតាច មេឃុំ ឬចៅសង្កាត់ ត្រូវមានភាពឆ្លាតវ័យ ចេះដោះស្រាយ និងចេះគៀងគរប្រជាពលរដ្ឋ ក៏ដូចជាធនធានពីសប្បុរសជននៅមូលដ្ឋាន ធ្វើការដោះស្រាយភ្លាមៗ ក្នុងករណីដោះមិនចេញ ត្រូវរាយការណ៍តាមថានានុក្រម៕