(កំពង់ធំ)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងទាំងបី មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ទៅត្រួតពិនិត្យសកម្មភាពការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ របស់ក្រុមជនល្មើសមួយចំនួនក្នុងភូមិសាស្ត្រព្រៃឡង់ នៅតំបន់អូររកាយ  ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក គង់ វ៉ាន់ មន្ត្រីបរិស្ថានខេត្ត ប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយកងកម្លាំងចម្រុះ ប្រចាំការនៅតំបន់អូរឃ្មង និងត្រពាំងប្រើស បានបញ្ជាក់ថា តំបន់ដែលមានការកាប់បំផ្លាញនេះឈ្មោះហៅថា តំបន់អូររកាយ ស្ថិតនៅក្នុងឃុំសុចិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ ដែលមានផ្ទៃដីប្រមាណជាជាង ១០ហិកតា ក្នុងនោះផ្ទៃដីដែលមានការកាប់ទន្ទ្រានថ្មី នៅក្នុងចន្លោះមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ មុនពេលកងកម្លាំងចម្រុះមិនទាន់មកបំពេញបេសកកម្មនាពេលកន្លងទៅប្រមាណជាង ៦ហិកតា ចំពោះផ្ទៃដីចំនួនប្រមាណជាង ៤ហិកតាទៀត ជាផ្ទៃដីដែលបានកាប់ទន្ទ្រានចាស់។ ហើយការកាប់ទន្ទ្រាននាពេលកន្លងទៅ ជនល្មើសតែងប្រព្រឹត្តទៅនៅពេលយប់ ក្នុងពេលដែលកម្លាំងបរិស្ថានមានគ្នាតិច លំបាកក្នុងពេលធ្វើសកម្មភាពត្រួតពិនិត្យនៅពេលយប់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសោកស្ដាយចំពោះការបាត់បង់នូវធនធានធម្មជាតិ ដែលត្រូវរងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិរបស់ជនល្មើស និងបានណែនាំដល់មន្ត្រីជំនាញ ដែលមានការពាក់ព័ន្ធ រួមជាមួយកងកម្លាំងចម្រុះ ត្រូវគ្រប់គ្រងឲ្យបាននូវផ្ទៃដីដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ទាំងនេះឲ្យបានគង់វង្ស នឹងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕