(សៀមរាប)៖ លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ទឹកដោះម្តាយគឺជាទឹកដោះមួយដែលល្អឥតខ្ចោះ និងសំបូរួទៅដោយគ្រប់សារជាតិចឹញ្ចឹមគ្រប់គ្រាន់សម្រាប់សម្រាប់ទារក, ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ពីកើតដល់ ៦ខែ ជួយឱ្យកូនទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ កាត់បន្ថយហានិភ័យពីជំងឺផ្សេងៗ។

លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានលើកឡើងយ៉ាងដូចនេះកាលពីពេលថ្មីៗកន្លងទៅនេះ នាឱកាសដែលអង្គការភ្លែន អន្តរជាតិកម្ពុជា ដឹកនាំអ្នកសារព័ត៌មាន ជាង ១០ស្ថាប័ន ចុះទស្សនកិច្ចសិក្សាទាក់ទងនឹងសុខភាពអនាម័យដែលគិតគូពីអាហារូបត្ថម្ភ នៅខេត្តសៀមរាប។

លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានឱ្យដឹងដូចនេះថា «ទឹកដោះម្តាយគឺជាទឹកដោះមួយដែលល្អឥតខ្ចោះ ហើយក៏សំបូរួទៅដោយគ្រប់សារជាតិចឹញ្ចឹមទាំងអស់ ហើយក៏មិនព្រួយបាម្ភពីបញ្ហាថា មិនមានអនាម័យ នឹងបញ្ហាហានិភ័យផ្សេងៗនោះទេ ទឹកដោះម្តាយទាំងស្អាត ទាំងសុវត្ថិភាព ទាំងគុណភាព នឹងគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ទារក»

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា នៅពេលដែលទារកើតភ្លាម ត្រូវតែឱ្យកូនបៅទឹកដោះដំបូងឱ្យបានលឿនក្នុងម៉ោងដំបូង ព្រោះទឹកដោះដំបូងនេះមានភាពខាប់ ហើយវាសំបូរទៅដោយអង្គបដិបក្ស សម្រាប់ជួយដល់ទារកក្នុងការស្រោចស្រង់ជីវិតទារក ហើយម្តាយត្រូវតែបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ពីកើតដល់ ៦ខែ គឺទឹកដោះម្តាយតែមួយមុខគត់ ដោយអត់មានផ្តល់អាហារអីផ្សេងៗនោះទេ ធ្វើបែបនេះទារកនឹងទទួលបានសារជាតិចឹញ្ចឹមគ្រប់គ្រាន់ពីទឹកដោះម្តាយ និងកាត់បន្ថយហានិភ័យពីជំងឺផ្សេងៗផងដែរ។

ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ពីកើតដល់ ៦ខែ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ទារកនោះទេ ម្តាយក៏ទទួលបានផលប្រយោជន៍ផងដែរដូចជា ជួយឱ្យម្តាយមានសុខភាពល្អ អាចកាត់បន្ថយបញ្ហាហានិភ័យពីជំងឺមហារីកដោះ និងជំងឺមហារីកដៃស្បូន។

លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អះអាងថា ការបំបៅកូនដោយទឹកដោះម្តាយ នឹងជួយឱ្យកូនមានសុខភាពល្អ ការលូតលាស់បានល្អ ឈ្លាសវៃ ការចង់ចាំបានល្អ និងមានភាពចាស់ទុំជាងកូនក្មេងដែលមិនបានបៅទឹកដោះម្តាយ ហើយអ្វីដែលសំខាន់នៅគឺជួយកាត់បន្ថយពីជំងឺផ្សេងៗ ជាពិសេសបញ្ហាកង្វះអាហារូបត្ថម្ភ ដែលជាចំណុចមួយដែលកំពុងតែមានការព្រួយបារម្ភផងដែរ។

លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា កាលណាយើងមិនចិញ្ចឹមកូនដោយទឹកដោះរបស់ម្តាយនោះទេ ហើយចេះតែឱ្យផ្តល់ឱ្យកូននូវអាហារផ្សេៗ នោះកូននឹងប្រឈមនឹងបញ្ហាជំងឺផ្សេងៗ ដូចជា៖ រាគរួស បញ្ហាផ្លូវដង្ហើម អាចប្រឈមនឹងបញ្ហាកង្វះអាហាររូបត្ថម្ភ បណ្តាលឱ្យស្គមមិនឡើងគីឡូ និងអាចប៉ះពាល់ដល់អាយុជីវិត ហើយក៏អាចធ្វើឱ្យកុមារមានភាពក្រេះក្រិន មិនលូតលាស់ទៅតាមស្តង់ដារនោះឡើយ៕