(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខជនសង្ស័យឃាតក ដែលបានវាយសម្លាប់កូនចុងអាយុអាយុ៤ខែ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក និងក្រុមក្មេងជំនើងបង្កហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោសសរុប១៣នាក់ ហើយបានចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញសមត្ថកិច្ច ការិយាល័យជំនាញ និងនគរបាល នៃអធិកាដ្ឋានខណ្ឌទាំង១៤ បានយកចិត្តទុកដាក់បង្ក្រាបបានក្រុមក្មងទំនើង និងជនសង្ស័យប្រព្រឹត្តិបទល្មើសជាបន្តបន្ទាប់ ហើយ ត្រូវបានបង្ហាញមុខជាសាធារណៈនាពេលនេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ជនសង្ស័យដែលបង្ហាញមុខ នៅពេលនេះបានប្រព្រឹត្តបទល្មើសរួមមាន៖ ៣ករណីផ្សេងគ្នា ដែលបានប្រព្រឹត្តិបទល្មើស នៅក្នុងរាជធានីភ្នំពេញ។

*ទី១៖ ករណីឃាតកម្ម មានស្ថានទម្ងន់ទោស ដែលវាយសម្លាប់ទៅលើកូនចុងអាយុ៤ខែ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក។ ជននោះជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពន្ធនាគារ និងមានទំនាក់ទងជាមួយម្តាយក្មេងរងគ្រោះ។ បន្ទាប់ពី វាយសម្លាប់កូនចុងរួចមក ជនសង្ស័យបានរត់គេចខ្លួន ទៅស្រុកំណើតខេត្តព្រៃវែង ហើយត្រូវសមត្ថកិច្ចបានតាមស្វែងចាប់ខ្លួន រួចក៏បានគេចត្រឡប់មកភ្នំពេញវិញ ថែមទាំងលួចម៉ូតូអ្នកភូមិ១គ្រឿងមកជាមួយ ក៏ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌទួលគោកឃាត់ខ្លួនបាន។ នេះជាអំពើឃាតកម្មមួយ ដែលសមត្ថកិច្ចចាត់ទុកជាអំពើឃោរឃៅ មិនអាចឲ្យជនសង្ស័យគេចខ្លួនបានឡើយ។

*ទី២៖ បង្ហាញជនសង្ស័យជាក្មេងទំនើងជាក្រុមក្តាន់២ ដែលបានប្រើហិង្សា ដោយចេតនាកាប់ជនរងគ្រោះ បណ្តាលឲ្យរងបួសម្នាក់កាប់ត្រូវខ្នងចំនួន២កាំបិតហើយ ត្រូវបានកម្លាំងនគរបាលការិយាលព្រហ្មទណ្ឌកម្រិត ស្រាលស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន៦នាក់ ក្នុងចំណោមបក្ខពួកចំនួន១៤នាក់ ហើយសមត្ថកិច្ច នឹងបន្តស្រាវជ្រាវ ចាប់បក្ខពួកបន្តទៀត។

*ទី៣៖ ជាក្រុមក្មេងទំនើង ចំនួន៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋានខណ្ឌណោធិសែនជ័យ បង្ក្រាបបាន ហើយដកហូតបានកាំបិតវែង រណារ អារទឹកកក និងសោម៉ាឡេតផងដែរ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានការណែនាំជាប្រចាំពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ក្មេងទំនើង និងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែលបង្ការទប់ស្កាត់បង្ក្រាបក្មេងទំនើង ដើម្បីការពារ ថែរក្សាសន្តិសុខ សុវត្ថិភាពជួនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើងចាប់ពី ថ្ងៃទី២៣ រហូតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញនិងអធិការដ្ឋាន នគរបាលនៅតាមបណ្តាខណ្ឌ បានបង្ក្រាបបានក្រុមក្មេងទំនើង ឃាត់ខ្លួនបានចំនួន១៣៦នាក់ ចំនួន៣២ករណី បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ បន្តបង្ក្រាបទប់ស្កាត់ ក្រុមក្មេងទំនើងធ្វើយ៉ាងណាឲ្យមានប្រសិទ្ធិភាព និងមានការថយចុះ៕