(ញូវដេលី)៖ ស្របពេលដែលកម្ពុជា និងឥណ្ឌាបានភ្ជាប់ជើងហោះហើរត្រង់រវាង ភ្នំពេញ-ញូវដេលី វិស័យឯកជនកម្ពុជា -ឥណ្ឌា បានជួបពិភាក្សាគ្នា ដើម្បីរកយុទ្ធសាស្រ្តរួមគ្នា ទាក់ទាញភ្ញៀវទេសចរនៃប្រទេសទាំងពីរទៅវិញទៅមក។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្នុងកម្មវិធីប្រកាសជាផ្លូវការ «ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថា ទីភ្នាក់ងារទេសចរណ៍ឥណ្ឌា និងកម្ពុជា ដែលបានចូលរួមក្នុងជំនួបពិភាក្សានេះ មានប្រមាណជាង ១០០ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនកម្ពុជា ចំនួន២៥ និងឥណ្ឌា ចំនួនជាង១០០ក្រុមហ៊ុន ដោយភាគីទាំងពីរបានពិភាក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងផ្លាស់ប្តូរនូវបទពិសោធន៍ ដើម្បីទាក់ទាញភ្ញៀវទេសចររវាងគ្នាទៅវិញទៅមក ថាតើ ភ្ញៀវបែបណាដែលចូលចិត្ត ទៅលេងកម្សាន្តនៅកម្ពុជា និងភ្ញៀវកម្ពុជាបែបណាដែលចង់មកដើរកម្សាន្ត នៅប្រទេសឥណ្ឌា
ព្រោះប្រទេសឥណ្ឌា ក៏ជាគោលដៅមួយដែលទេសចរកម្ពុជា មកកម្សាន្តក្នុងគោលដៅ បែបសាសនា និងវិស័យវិជ្ជសាស្រ្តផងដែរ។

លោកស្រីបានឱ្យដឹងទៀតថា ក្នុងជំនួបពិភាក្សានេះ ទីភ្នាក់ងារទេសចរណ៍ឥណ្ឌា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការជួយជំរុញផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាទៅកម្ពុជា ដែលលោកស្រីរំពឹងថា តាមរយៈជំនួបពិភាក្សានេះ នឹងទទួលបានការចាប់អារម្មណ៍ពីប្រជាជនឥណ្ឌា ក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅដើរលេងកម្សាន្ត។

បច្ចុប្បន្ននេះ ជើងហោះហើរត្រង់រវាង ភ្នំពេញ-ញូវដេលី មានចំនួន ៤ដងក្នុងមួយសប្តាហ៍។ លោកស្រី ឆាយ ស៊ីវលីន បានលើកទឹកចិត្តឱ្យមានការបង្កើនចំនួនជើងឱ្យបានច្រើននេះ និងពង្រីកគោលដៅហោះហើរទៅកាន់ទីក្រុងផ្សេងទៀតផងដែរ ។

បើតាមលោកស្រី ឆាយ ស៊ីវលីន កម្ពុជាបានត្រៀមខ្លួនជាបណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរឥណ្ឌា ហើយវិស័យឯកជនតែងតែជជែកគ្នា និងចែករំលែកពីដំណឹង និងការចង់បានរបស់ប្រទេសឥណ្ឌា។

លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា គួរតែកុំមានការរើសអើងចំពោះភ្ញៀវឥណ្ឌា និងពង្រឹងក្នុងការផ្តល់សេវាកម្ម និងផលិតផលដែលល្អ មានភាពច្នៃប្រឌិត និងប្លែកៗ ព្រមទាំងទទួលពួកគាត់ដោយស្នាមញញឹម៕