(ភ្នំពេញ)៖ ទេសចរណ៍ផ្សារភ្ជាប់ទឹកដី! បានដើរកម្សាន្តហើយ បានស្គាល់ប្រទេសជាតិខ្លួន និងជួយដល់កំណើនជីវភាព ប្រជាសហគមន៍នៅតាមមូលដ្ឋាន និងបានចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសដឹកនាំ មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជាង ១០០នាក់ អញ្ជើញមកទស្សនាដើរកំសាន្ត នៅឧទ្យានជាតិកែប ខេត្តកែប នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តី នេត្រ ភក្ត្រា រួមជាមួយមន្ត្រីឧទ្យានជាតិ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកែប ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញដាំដើមក្ងោក នៅតាមដងផ្លូវក្នុង ឧទ្យានជាតិកែប ដើម្បីឲ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត និងជាទីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរមកទស្សនាលេងកំសាន្ត។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូនថា ឧទ្យានជាតិកែបជាឧទ្យានជាតិតែមួយគត់នៅកម្ពុជា ដែលមានទីតាំងនៅកណ្តាលក្រុង, សម្រស់ឧទ្យានជាតិកែប គ្របដណ្ដប់ដោយភាពបៃតងគ្រប់រដូវកាល ហើយបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរថ្មើរជើង ដើរកម្សាន្តអាចគយគន់ទេសភាពព្រៃព្រឹក្សា និងសត្វព្រៃផ្សេងៗ។

ខេត្តកែប គឺជាទីក្រុងឆ្នេរសមុទ្រមួយ ដ៏ទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា ព្រោះមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឧទ្យានជាតិខៀវស្រងាត់ ព្រមទាំងមានបរិយាកាសស្ងប់ស្ងាត់ ដែលធ្វើឲ្យវាក្លាយ ជាគោលដៅល្អសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងអ្នកស្វែងរកភាពស្ងប់ស្ងាត់។

ជាមួយប៉មមើលទេសភាពដែលសាងសង់ឡើងដោយក្រសួងបរិស្ថាន សម្រាប់ខេត្តកែប បានផ្តល់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិនូវឱកាសមើលទេសភាពខេត្តកែប ពីលើកំពូលភ្នំដែលពោរពេញ ដោយទេសភាពដ៏ល្អប្រណីតគឺលំហសមុទ្រនិងឆ្នេរ ប្រជុំកោះ និងសមុទ្រឈើខេត្តកែប។

បើតាមការបញ្ជាក់របស់ រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានឲ្យដឹងថា ប៉មមើលទេសភាពកម្ពស់១២ម៉ែត្រនេះ ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាដែលបានពីការលក់ឥណទានកាបូន ស្ថិតក្នុងក្របខណ្ឌ នៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការជំរុញលើទេសចរណ៍ធម្មជាតិ។

ប៉មមើលទេសភាពនេះ គឺជាមធ្យោបាយកម្សាន្តមួយបន្ថែមទៀត សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាឧទ្យានជាតិកែប បន្ថែមពីលើសម្រស់ធម្មជាតិ សត្វព្រៃ និងផ្លូវក្រវ៉ាត់ភ្នំដែលអាចដើរកម្សាន្ត និងហាត់ប្រាណរបស់មនុស្សទូទៅ។ ក្នុងឧទ្យានជាតិកែប ក៏មានកន្លែងជិះខ្សែរ៉កកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។

តាមរយៈនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញទស្សនាឧទ្យានជាតិកែប និងទស្សនាទេសភាពខេត្តកែប ពីលើប៉មមើលទេសភាព។

រដ្ឋបាលខេត្តកែប បាននិងកំពុងអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងទៀត រួមជាមួយនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ចូលទៅកាន់តំបន់នោះ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ភ្ញៀវទៅលេងកម្សាន្តកាន់តែច្រើន។

គួររំលឹកដែរថា ផ្លូវបេតុងប្រវែង ៦,០០០ម៉ែត្រ ជុំវិញឧទ្យានជាតិកែប ដែលប្រសិទ្ធនាមថា «រុក្ខវិថី បុប្ផា ប្រសិទ្ធ» ស្ថិតក្នុងក្រុងកែប ខេត្តកែប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

ផ្លូវបេតុងដ៏រឹងមាំនេះ ក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសចរស្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ផ្លូវនេះភ្ញៀវទេសចរអាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើន នៅក្នុងព្រៃឧទ្យានជាតិដោយក្តីសប្បាយរីករាយ ។

ឧទ្យានជាតិកែប នឹងប្រែក្លាយទៅជាបំណែកមួយ ជាមួយនឹងការធ្វើសមាហរណកម្មវិស័យទេសចរណ៍ សេដ្ឋកិច្ចខេត្ត និងបំណែកមួយទៀតជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕