(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅក្នុងពិធី «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងដាំដើមឈើប្រណីតចំនួន ៩,៩៩៩ដើម នៅលើផ្ទៃដី ៣០ហិកតា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ខេត្តតាកែវ។

ការលើកឡើងរបស់រដ្ឋមន្រ្តីកសិកម្មបានធ្វើឡើង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែល លោករដ្ឋមន្ត្រី ចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធី «រុក្ខទិវា» ៩កក្កដា ដែលនឹងរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

នាឱកាសនោះដែរ លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពិធី រុក្ខទិវា ០៩ កក្កដា ឆ្នាំនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាំដើមឈើប្រណីត ដែលមានចំនួនសរុបទាំងអស់ ៩,៩៩៩ដើម នៅលើផ្ទៃដី ៣០ហិកតា»

ខេត្តតាកែវ ធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីរុក្ខទិវា ០៩ កក្កដា ថ្នាក់ជាតិ ចំនួន៣លើករួចមកហើយ ក្នុងនោះរួមមាន៖ លើកទី១ រៀបចំនៅឆ្នាំ១៩៩៣ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ, លើកទី២ ក្នុងឆ្នាំ២០០៨ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ និងលើកទី៣ ក្នុងឆ្នាំ២០១៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ។

បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស៕