(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីកម្ពុជា និងសិង្ហបុរី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព។ ការព្រមព្រៀងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយក​រដ្ឋមន្ត្រី​របស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែង​រវាងសិង្ហ​បុរី-កម្ពុជា ដោយនៅឆ្នាំ២០២៥ខាងមុខនេះ គឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាពេលនេះ ជាចលករ នៃការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ច​ដ៏កក់ក្តៅពី​សំណាក់នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលសិង្ហបុរី ព្រមទាំងបានអបអរសាទរជូនចំពោះ ឡរ៉េន វ៉ុង​ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីសិង្ហបុរី។

សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយទស្សនកិច្ចផ្លូវ​ការ​នេះ នឹងកាន់តែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃជំនួបទ្វេភាគីនេះ សមភាគីទាំងពីរក៏បានឯកភាពក្នុងការបន្តពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែកនូវបទពិសោធន៍លើវិស័យ​សំខាន់ៗ រួមមាន៖

១៖ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

២៖ កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំ ក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ។

៣៖ ការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលរួមការកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀតមកទស្សនាប្រទេសទាំងពីរ។

៤៖ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតនូវក្រុមការងារថ្នាក់រដ្ឋមន្រ្តីនៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត

៥៖ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សមភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ។

ក្រៅពីនេះ សមភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល និងបានចូលរួមជាអធិបតីជាមួយ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ។

មុននឹងបញ្ចប់សម្តេចធិបតី ក៏បានអញ្ជើញនាយករដ្ឋមន្រ្តីសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលសមស្របណាមួយ ព្រមទាំងបានជូនពរលោកនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលសិង្ហបុរី ឱ្យទទួលបានជោគជ័យក្នុងការងារដឹកនាំប្រទេសផងដែរ៕