(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ សន្និសីទសារព័ត៌មាននេះបានធ្វើឡើងនៅក្នុងសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។

សន្និសីទសារព័ត៌មាននេះមានការចូលរួមពី​ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមជាមួយអ្នកសារព័ត៌មានជាច្រើនរូបទៀត។

គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីប្រជាពលរដ្ឋចំនួន ២,៧២០,៥២៨ដុល្លារ។ ក្នុងរយៈពេល ២២ថ្ងៃមកនេះ ទំហំទឹកប្រាក់ដែលមូលនិធិទទួលបានមានការកើនឡើងលើសពីយុទ្ធនាការពេញមួយខែនៃឆ្នាំ២០២៣។

សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នឹងធ្វើឡើងរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ យុទ្ធនាការនេះទទួលបានការការគាំទ្រយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរ។ លោកជំទាវបណ្ឌិត ចាត់ទុកការចូលរួមនេះ សបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុស ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ របស់ប្រជាជាតិខ្មែរទាំងមូល។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព «ខ្មែរជួយខ្មែរ» របស់ប្រជាជាតិយើងទាំងមូល និងបានអំពាវនាវដល់សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕