(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងគ្រឿងញៀន១៣៨.០១ក្រាម នៅស្រុកចន្ទ្រា និងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្ដន្ទាទោសតាមច្បាប់។

សមត្ថកិច្ចផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៩៖៣០នាទីនៅចំណុចភូមិពោធិ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា និងក្រោមការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ 

សមត្ថកិច្ចបានបញ្ជាក់ថា ជាលទ្ធផលបានឃាត់ខ្លួនជនសង័្សយ១នាក់ ឈ្មោះ ហ្វាង យីអ៉ីវ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានចាប់យកវត្ថុតាងជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន១កញ្ចប់ ទម្ងន់១៣៨.០១ក្រាម ម៉ូតូ១គ្រឿង ទូរសព្ទដៃ១គ្រឿង កាតធនាគារវៀតណាម២ផងដែរ៕