(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងបំពេញទស្សកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រថៃ នាពាក់កណ្តាលខែកក្កដាខាងមុខនេះ តបតាមការអញ្ជើញ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភាថៃ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិត្តិការសភាប្រទេសទំាងពីរ ឱ្យកាន់តែស៊ីជម្រៅស្របតាមកិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរឱ្យបានច្រើនឡើងថែមទៀត។

ប្រទេសថៃ ជាដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសលើក៤ របស់សម្តេចប្រធានរដ្ឋសភា ចាប់តំាងពីរដ្ឋសភានីតិកាលទី៧ បានបង្កើតឡើង។

ក្នុងបេសកកម្មការទូតសភា ជាការងារអាទិភាពរបស់រដ្ឋសភានីតិកាលទី៧ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ ប្រជាពលរដ្ឋ និងការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។ នៅដើមនីតិកាលទី៧នេះ សម្តេចរដ្ឋសភាធិបតី បានបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអន្តរសភា នៅប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសបារំាង។ តាមគម្រោងក្រៅពីការបំពេញទស្សនកិច្ចនៅប្រទេសថៃ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងបំពេញទស្សនកិច្ចនៅប្រទេសចិន នាពេលខាងមុខផងដែរ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ សម្តេចប្រធានរដ្ឋសភាគ្រោងនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្រ្តីថៃ និងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី គឺ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា ប្រធានរដ្ឋសភាថៃ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរទំាងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ប្រធានរដ្ឋសភាប្រទេសទំាងពីរអាចនឹងឈានដល់ការចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សារណៈ នៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យស្របតាមសភាពការណ៍ជាក់ស្តែងដើម្បីឆ្លើយតបដល់ប្រសិទ្ធភាព នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ឱ្យបានខ្ពស់ឡើងបម្រើផលប្រយោជន៍ដល់ប្រជាជាន នៃប្រទេសទំាងពីរកាន់តែមានប្រសិទ្ធភាព។ អនុស្សារណៈនៃការយោគយល់គ្នារនៃរដ្ឋសភាប្រទេសទំាងពីរ ចាស់បានធ្វើឡើងតំាងពីឆ្នាំ២០០៧មកម្លេះ។

ជាការកត់សម្គាល់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទាញយកផលប្រយោជន៍ពីការងារការទូតសភាជាច្រើន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្តេចបានប្រើប្រាស់ទេពកោសល្យការទូត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភា ភ្ជាប់ទំនាក់ទំនងរដ្ឋសភា និងរដ្ឋសភាបណ្តាប្រទេសជាមិត្ត លើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន នៅក្នុងការទាញផលប្រយោជន៍ដល់វិស័យទេសចរណ៍ ការធ្វើវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាការស្វែងរកទីផ្សារសម្រាប់វិស័យកសិកម្ម កសិឧស្សាហកម្ម និងកម្មវិធីបណ្តុះបណ្តាលកសាងធនធានមនុស្សដល់យុវជន ព្រមទំាងការអភិវឌ្ឍន៍វិស័យជាច្រើនទៀត ជូនប្រទេសជាតិ។

ជាមួយគ្នានេះ សម្តេចបានចាត់ទុកការងារការទូតសភាមានសារៈសំខាន់បំផុតនាពេលបច្ចុប្បន្នដើម្បីធានា ការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ជូនប្រជាជាតិទូទំាងសកលលោកផងដែរ នៅក្នុងកាលៈទេសៈនៃការប្រែប្រួលមិនទៀងទាត់ និងឆាប់រហ័ស របស់ពិភពលោក។

សូមជម្រាបថានៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ថ្នាក់ដឹកនាំកម្ពុជានិងថៃ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៅក្នុងនោះមានលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីចុងឆ្នាំ២០២៣ ហើយលោក វ៉ាន់មូហាម៉ាត់ ណ មៈថា បានបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមីនាឆ្នាំ២០២៤ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ចនៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កន្លងមកថ្មីៗនេះដែរ៕