(ភ្នំពេញ)៖ គិតមកដល់ពេលនេះ ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម មានអាយុកាល៥៧ឆ្នាំហើយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះ មានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។

ទោះបីកម្ពុជានិងវៀតណាមទើបមានចំណងទំនាក់ទំនងការទូតផ្លូវការជាងកន្លះសតវត្សរ៍កន្លងមកនេះក្តី ប៉ុន្តែ បើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជាយូរលង់មកហើយ ពោលគឺតាំងពីសតវត្សរ៍ទី១៥ នៃគ្រិស្តសករាជមកម្ល៉េះ។ ក្នុងសម័យសង្គ្រាមត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានលក្ខណៈស៊ីជម្រៅនិងស្អិតល្មួត ដ្បិតប្រទេសទាំងពីរជាសហភាតរៈនៃរដ្ឋសង្គមនិយមដូចគ្នា។

ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមបានបោះជំហានចូលក្នុងរបត់នយោបាយថ្មីមួយ ដែលក្នុងនោះ វៀតណាមនៅរក្សារបបនយោបាយសង្គមនិយមដដែល រីឯកម្ពុជាបានប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរបបរាជានិយមអាស្រ័យធម្មនុញ្ញត្រូវបានបង្កើតឡើងវិញ។ ទោះបីប្រទេសទាំងពីមានភាពខុសគ្នាលើប្រព័ន្ធនយោបាយក៏ពិតមែន តែទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនមានការប្រែប្រួលទេ ប៉ុន្តែកាន់តែត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។

ក្នុងនាមជាប្រទេសបានធ្លាប់រងគ្រោះដោយសារសង្គ្រាម កម្ពុជាបានយកចិត្តទុកដាក់ខ្លាំងចំពោះសន្តិភាពនិងស្ថិរភាព ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងក្រៅតំបន់ និងបានប្តេជ្ញាចិត្តលើកកម្ពស់ការអភិវឌ្ឍ វិបុលភាព និងគោលការណ៍បញ្ចសីលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងអន្តរជាតិ។
ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសភាពជាអ្នកជិតខាងល្អ ដោយពង្រឹងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការ មិនត្រឹមតែនៅក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិនិងតំបន់ទៀតផង។ ក្នុងវេទិកាតំបន់ ប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ដោយឡែកវៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយការបរទេសទ្វេភាគីជាមួយប្រទេសកម្ពុជា ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មានដែរ គឺវៀតណាមចាត់ទុកកម្ពុជាជាប្រទេសជិតខាងមួយ ដែលទំនាក់ទំនងល្អត្រូវបានចាត់ទុកជាអាទិភាពនិងត្រូវពូនជ្រុំ។

ចំពោះមុខបរិបទផ្ទៃក្នុងនិងខាងក្រៅ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍលើវិស័យជាច្រើន។ កម្ពុជានិងវៀតណាមបានឯកភាពថា ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជាតិទាំងពីរ។ ជារួមទៅ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជានិងវៀតណាមចំពោះគ្នាទៅវិញទៅមក បានរំលេចឱ្យឃើញនូវភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

កម្ពុជានិងវៀតណាមបានពូនជ្រុំមិត្តភាពនិងកិច្ចសហប្រតិបត្តិការដោយផ្អែកលើទំនុកចិត្តខាងផ្នែក នយោបាយស៊ីជម្រៅនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការអភិវឌ្ឍរីកចម្រើនលើវិស័យជាច្រើន ហើយប្រទេសទាំងពីរយល់ឃើញថា ការពង្រឹងនិងពង្រីក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ។ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជានិងវៀតណាមចំពោះគ្នាទៅវិញទៅមកបង្ហាញឱ្យឃើញពី ភាពស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងកម្ពុជា-វៀតណាម បន្តធ្វើពិពិធកម្មទាំងកម្រិតទ្វេភាគីនិងពហុភាគី និងមានភាពរឹងមាំលើគ្រប់វិស័យដែលជាផលប្រយោជន៍រួម។ ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហារួមជាសាកល ពង្រីកទំនាក់ទំនងនៅគ្រប់កម្រិតនិងគ្រប់វេទិកា និងពង្រឹងការយោគយល់គ្នាទៅវិញទៅមកដែលនឹងធ្វើឱ្យប្រទេសទាំងពីរ អាចទទួលបាននូវសមិទ្ធផលធំធេងជាងមុនទាំងកម្រិតជាតិនិងកម្រិតសាកល។

ក្នុងការបង្ហាញគោលជំហរចំពោះគ្នាទៅវិញទៅមក មេដឹកនាំនៃប្រទេសទាំងពីរតែងតែសម្ដែងឱ្យឃើញនូវការប្តេជ្ញាចិត្តពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនដល់កម្រិតខ្ពស់ថ្មីមួយទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននិងប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែរក្សាគោលនយោបាយការបរទេសភាពជាអ្នកជិតខាងល្អជាមួយវៀតណាមនិងប្រទេសជិតខាងផ្សេងទៀត។ ក្នុងទស្សនទានកម្ពុជា ភាពជាអ្នកជិតខាងល្អ គឺជាយន្ដការដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិជិតខាងគ្នានិងជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ភាពជាអ្នកជិតខាងល្អ គឺជាមូលដ្ឋានគ្រឹះសម្រាប់សន្ដិសុខតំបន់និងពិភពលោក។

តំបន់ក៏ដូចជាពិភពលោកទាំងមូលនឹងមិនមានសន្ដិភាពទេ ប្រសិនបើប្រជាជាតិទាំងឡាយ ដែលនៅជិតខាងគ្នាមានជម្លោះនឹងគ្នា។ ដូច្នេះ វាជាការចាំបាច់ ដែលប្រទេសនៅជិតខាងគ្នា ត្រូវកសាងទំនុកចិត្ដគ្នាទៅវិញទៅមក កាត់បន្ថយជាអតិបរិមា នូវភាពប្រទូសរ៉ាយដាក់គ្នា ហើយត្រូវបណ្ដុះស្មារតីវប្បធម៌សន្ដិភាព ការអភិវឌ្ឍប្រកបដោយនិរន្ដរភាព តុល្យភាព និងសុខដុមរមនានៅតាមព្រំដែន។ ការបង្កអារិភាពជាមួយប្រទេសជិតខាង មិនបាននាំមកនូវផលប្រយោជន៍អ្វីទាំងអស់ សម្រាប់ប្រទេសជាតិនីមួយៗ ក្រៅតែពីការបង្កអសន្ដិសុខនិងការរាំងស្ទះដល់ការអភិវឌ្ឍ។

ដោយឈរលើគោលការណ៍និងទស្សនទានខាងលើ គោលនយោបាយការបរទេសកម្ពុជាចំពោះវៀតណាម គឺផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ការកសាងមិត្ដភាពជិតស្និទ្ធជាប្រពៃណី ការជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការដោះស្រាយបញ្ហាព្រំដែនដោយម៉ឺងម៉ាត់និងតាមរយៈការចរចាដោយសន្ដិវិធីដោយចៀសវាងដាច់ខាតនូវដំណោះស្រាយដោយប្រើកម្លាំង។ ទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាម មិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ។

ដោយឈរលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាម ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ ដូច្នេះ ប្រទេសទាំងពីរត្រូវបន្តរួមរស់ជាមួយគ្នាដោយសុខសន្តិភាព គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទាំងសងខាង ឱ្យសក្តិសមនឹងបាវចនានៃទំនាក់ទំនងដែលប្រទេសទាំងពីរបានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងឋិតថេរយូរអង្វែង» រវាងប្រទេសទាំងពីរនាពេលអនាគត។

ជាមួយនឹងបាវចនាខាងលើ យើងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រាប់សតវត្សរ៍ខាងមុខ នឹងបន្តរីកចម្រើនកាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយ កាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរឡើងថែមទៀត៕

(ដោយ)៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា (ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)