(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះវិន័ធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានបន្តនិមន្តចុះអប់រំសីលធម៌ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស អនុវិទ្យាល័យ ទួលស្នោរ ចំនួន ៥៤២ នាក់ ស្ថិតនៅសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «មាតាបិតា ជាគ្រូដើម និងគ្រឿងញៀនបំផ្លាញនូវស្មារតី» ដើម្បីបញ្រ្ជាបអំពីសីលធម៌ គុណធម៌ និងអំពីគុណមាតាបិតា ដើម្បីបានជាការដល់ដឹងអំពីតម្លៃនៃគុណធម៌ ក្នុងសង្គម ពិសេសព្រះអង្គប្រធាន បានពន្យល់និងបង្ហាញអំពីទោសនៃការសេពគ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងៗ ដែលជាហេតុនាំឱ្យសង្គមបាត់បង់នូវធនធានល្អៗដែលត្រូវបន្តវេន។

ក្នុងកម្មវិធីនេះ ព្រះអង្គបានសង្កត់ធ្ងន់ថា «សូមប្អូនៗ ខំប្រឹងសិក្សារៀនសូត្រ និងធ្វើជាទំពាំងល្អ កុំធ្វើជាទំពាំងស្អុយ ដែលអាស្រ័យនៅលើដីដ៏មានជីវជាតិល្អមួយនេះឱ្យសោះ។ ប្រទេសជាតិមួយ ដែលអាចរីកចម្រើន រុងរឿងទៅបាន គឺអាស្រ័យលើប្រទេសជាតិនោះ មានធនធានមនុស្ស ជាអ្នកចេះដឹង ជាអ្នកវៃឆ្លាត ជាអ្នកឆ្នៃប្រឌិត ជាមនុស្សជាតិនិយម»