(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយកម្លាំងផែនជំនាញ និងអធិការនគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ចេញវិធានការជាបន្ដបន្ទាប់ សំដៅទប់ស្កាត់ បង្ការ និងបង្ក្រាបក្មេងទំនើង ដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្រោយទទួលបានបទបញ្ជាម៉ឺងម៉ាត់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការយ៉ាងសស្រាក់សស្រាំជាបន្ដបន្ទាប់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើងជាច្រើនក្រុម បញ្ជូនទៅតុលាការផងដែរ។

បន្ទាប់ពីជោគជ័យមួយជំហានលើការងារនេះហើយនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា កិច្ចប្រជុំនៅព្រឹកមិញនេះ គឺដើម្បីដាក់ចេញវិធានការជំហានទី២ ដោយក្នុងនោះមានទាំងវិធានការទប់ស្កាត់ អប់រំ និងស្រាវជ្រាវ តាមចាប់មុខសញ្ញាដែលនៅសេសសល់។ លោកសង្កត់ធ្ងន់ថា មុខសញ្ញាដែលនៅសេសសល់ កម្លាំងជំនាញនឹងចុះទៅបង្ក្រាបដល់ផ្ទះតែម្ដង ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្ថែមទៀតថា ដោយទទួលបានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនឹងអនុវត្តនូវវិធានការរដ្ឋបាលបែបជំនាញ ដោយមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការធ្វើអាជីវកម្ម និងរស់នៅប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

លោកអះអាងថា នៅក្នុងភូមិសាស្ដ្រណា ឬតំបន់ណាដែលអាចមានការប្រមូលផ្ដុំក្មេងទំនើង និងមុខសញ្ញាផ្សេងៗនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ នឹងដឹកនាំចុះទៅអនុវត្តវិធានការដ្ឋបាលតែម្ដង។ លោកថា ដំណាក់កាលទី២នេះ គឺធ្វើឡើងព្រមគ្នានៅគោលដៅសំខាន់ៗចំនួន៣ រួមមាន៖ វិធានការទប់ស្កាត់ អប់រំ, វិធានការស្រាវជ្រាវតាមចាប់មុខសញ្ញាសេសសល់ និងរដ្ឋបាលបែបជំនាញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ទៀតថា ករណីក្មេងទំនើងនេះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងមិនបន្ធូរដៃនោះទេ ពោលកើតមួយករណី ត្រូវបង្ក្រាបមួយករណី មិនឲ្យបញ្ហានេះក្លាយជាជំងឺសង្គម និងបង្កការភ័យខ្លាចដល់ការរស់នៅ ប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ វិនិយោគិនបរទេស និងភ្ញៀវទេសចរនោះឡើយ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្រៅពីវិធានការច្បាប់ វិធានការអប់រំក៏ត្រូវដើរទន្ទឹមគ្នានេះផងដែរ ពោលឪពុក ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវជួយអប់រំណែនាំដល់យុវជន យុវតី ឲ្យដើរតាមគន្លងត្រឹមត្រូវ ជៀសវាងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ៕

សូមស្ដាប់ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៖

<div cl