(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មាន Facebook «កសិករ ជាយដែន» បានបង្ហោះវីដេអូ ក្រុមក្មេងទំនើងមួយក្រុមនិយាយថានេះ «ក្មេងកំពង់ស្ពឺ យល់ទេធ្វើសកម្មភាពបង្ហាញម៉ូតូ និងកាំបិតក្រោមកែបម៉ូតូចំនួន២ បើកគំរបធុងសាំងម៉ូតូ»។

ក្រោយមានការចែកចាយ និងបង្ហោះវីដេអូនេះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមបទបញ្ជារបស់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង, កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះសហការជាមួយនគរបាលស្រុកថ្ពង និងនគរបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ក្មេងទំនើងចំនួន៤នាក់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្មេងទំនើងទាំង៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ជឹម សុជា អាយុ២០ឆ្នាំ មុខរបរធ្វើចំការ
*ទី២៖ ឈ្មោះចន ចំរើន អាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១០ វិទ្យាល័យ ហ៊ុន សែន ទឹកផុស
*ទី៣៖ ឈ្មោះ ឌី សារ៉េត អាយុ១៨ឆ្នាំ រៀនភាសាកូរ៉េ
*ទី៤៖ ឈ្មោះ សុ គាវុត អាយុ១៩ឆ្នាំរៀនភាសាកូរ៉េ។

ក្មេងទាំង៤នាក់នេះ រស់នៅភូមិដំណាក់អំពិល ឃុំក្តុលមានជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រោយចាប់ខ្លួន កម្លាំងនគរបាល បានដកហូតម៉ូតូ៤គ្រឿង និងកាំបិតចុងស្រួច ដែលបង្ហាញក្រោមកែបម៉ូតូ។

ក្រុមក្មេងទំនើង បានសារភាព ពួកខ្លួនបានធ្វើសកម្មភាពថតបង្ហោះនៅមុខផ្ទះឈ្មោះ សាន សែន ភេទប្រុស អាយុ១៧ឆ្នាំ ភូមិដំណាក់អំពិល ឃុំក្តុលមានជ័យ។ ដោយឈ្មោះឌី សារ៉េត ជាអ្នកបង្ហោះរូបភាព និងនិយាយ ព្រមទាំងធ្វើ សកម្មភាពបង្ហាញកាំបិត។

ក្មេងទំនើងទាំង៤នាក់នេះ ត្រូវបាននគរបាលធ្វើការសួរនាំបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕