(ភ្នំពេញ)៖ លោក នេត្រ​ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ សូមបន្តចូលរួមបរិច្ចាគធនធាន ដោយប្រមូលកៀរគរថវិកា ដើម្បីចូលរួមគាំទ្រសកម្មភាពជួយសង្គ្រោះកុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

លោក នេត្រ ភក្ត្រា បានបង្ហាញការរីករាយ សហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់នូវព័ត៌មានពីយុទ្ធនាការ ឬសកម្មភាពនានារបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់សាធារណជនពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលជាគំនិតផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយបានចូលរួមផ្សព្វផ្សាយយ៉ាងសស្រាក់សស្រាំ ដើម្បីបញ្ជូនសារនេះដល់ប្រិយមិត្តរបស់អង្គភាពសារព័ត័មាននីមួយៗ។

លោករដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈការចូលរួមផ្សព្វផ្សាយពីបណ្តាអង្គភាពសារព័ត៌មាននានា បានក្លាយជាកម្លាំងដ៏ធំ ធ្វើឱ្យសារសំខាន់ៗរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ជ្រួតជ្រាបដល់ប្រជាពលរដ្ឋឱ្យចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ជាក់ស្តែងក្នុងរយៈពេលជាង២០ថ្ងៃមកនេះ មានប្រជាពលរដ្ឋជាង ១៧ម៉ឺននាក់ បានចូលរួមសកម្មភាពជាមូលនិធិនេះ។ ខណៈចរន្តនេះមានការកើនឡើង ហើយការចូលរួមរបស់សាធារណជន គឺជាចលនាជាតិមួយ ដោយប្រើប្រាស់វប្បធម៌ចែករំលែកសម្រាប់អ្នកដែលមានការខ្វះខាត។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់ថា តាមរយៈការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ការចូលរួមគាំទ្រសម្របសម្រួលរបស់ក្រសួងព័ត៌មាន ជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការផ្សព្វផ្សាយព័ត៌មាន គឺប្រជាពលរដ្ឋទាំងអស់នឹងចូលរួមបន្តទៀត។ ទោះយុទ្ធនាការនេះកំណត់រយៈពេល១ខែមែន តែខ្ញុំសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋសូមបន្តបរិច្ចាគមិនគិតថា ថ្ងៃណា ឬថ្ងៃណាទេ គឺជាយុទ្ធនាការទាំងអស់ គឺជាការចូលរួមកៀរគរថវិកា ដើម្បីជួយគាំទ្រទៅដល់កុមារកម្ពុជាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងនឹងបន្តសហការជាមួយដៃគូទាំងអស់ ដើម្បីផ្សព្វផ្សាយឱ្យកាន់ទូលំទូលាយបន្ថែមទៀត ពីសកម្មភាពរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ហើយកន្លងមកនេះក្រសួងបានធ្វើកិច្ចការងារជាច្រើន ដើម្បីប្រមូលកៀរគរថវិកាសម្រាប់ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

លោក នេត្រ ភក្ត្រា បានលើកឡើងថា បើយោងតាមអ្វីដែលជាការអនុវត្តប្រភពថវិកាជាច្រើនបានចូលទៅក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ប៉ុន្តែអ្វីដែលជាការកត់សម្គាល់មានដូចជាទី១៖ តាមក្រសួងស្ថាប័ន គឺមានគណៈកម្មាការមូលនិធិគន្ធបុប្ផា របស់ក្រសួងស្ថាប័ន ដែលជាតួនាទីភារកិច្ចត្រូវចូលរួមជាប្រចាំឆ្នាំ ទៅលើការគាំទ្រមូលនិធិថវិកានេះ, ទី២៖ តាមរយៈយុទ្ធនាការដែលនៅក្នុងមួយឆ្នាំៗ អាចមានយុទ្ធនាការច្រើនដើម្បីចូលរួមកៀរគរនូវប្រភពថវិកាគាំទ្រដូចជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» និងទី៣៖ បើទោះបីជាមានយុទ្ធនាការ ឬគ្មានយុទ្ធនាការ ក៏បងប្អូនប្រជាពលរដ្ឋអាចបរិច្ចាគជារៀងរាល់ថ្ងៃបាន ខណៈដែលមូលនិធិនេះបើចំហរជានិច្ចសម្រាប់សប្បុរសជនទាំងអស់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា បេះដូសប្បុរសធម៌របស់ប្រជាពលរដ្ឋនេះហើយបានជួយសង្គ្រោះជីវិតកុមារ ទារក និងស្ត្រីជាមាតា ជាច្រើននាក់ដែលកំពុងសម្រាលបុត្រ និងកុមារកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាទាំងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។

គួរឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ២,៧២០,៥២៨ដុល្លារ។ ក្នុងរយៈពេល២២ថ្ងៃនេះ ទំហំទឹកប្រាក់ដែលមូលនិធិទទួលបានមានការកើនឡើងលើសពីយុទ្ធនាការពេញមួយខែនៃឆ្នាំ២០២៣។

សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ យុទ្ធនាការនេះទទួលបានការការគាំទ្រយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរ។ លោកជំទាវបណ្ឌិត ចាត់ទុកការចូលរួមនេះ សបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុស ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ របស់ប្រជាជាតិខ្មែរទាំងមូល។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព «ខ្មែរជួយខ្មែរ» របស់ប្រជាជាតិយើងទាំងមូល និងបានអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕