(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

សន្និសីទសារព័ត៌មាននេះបានធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុងសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។

គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ២,៧២០,៥២៨ដុល្លារ។ ក្នុងរយៈពេល២២ថ្ងៃនេះ ទំហំទឹកប្រាក់ដែលមូលនិធិទទួលបានមានការកើនឡើងលើសពីយុទ្ធនាការពេញមួយខែនៃឆ្នាំ២០២៣។

សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ យុទ្ធនាការនេះទទួលបានការការគាំទ្រយ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋខ្មែរ។ លោកជំទាវបណ្ឌិត ចាត់ទុកការចូលរួមនេះ សបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុស ប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ របស់ប្រជាជាតិខ្មែរទាំងមូល។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព «ខ្មែរជួយខ្មែរ» របស់ប្រជាជាតិយើងទាំងមូល និងបានអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕

សូមទស្សនាវីដេអូនៃសន្និសីទសារព័ត៌មានទាំងស្រុងដូចខាងក្រោម៖