(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ បន្ទាប់ពីកម្លាំងជំនាញ បានឃាត់ខ្លួនបានកាលវេលាម៉ោង ១០៖២៣នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ពាក់ព័ន្ធក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

មន្រ្តីជំនាញបានបញ្ជាក់ថា ដែលជនសង្ស័យដែលឃាត់ខ្លួនបានទី១៖ ឈ្មោះ យិន សិលា ហៅកូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរឌីជេ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទី២៖ ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរឌីជេ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖ គ្រឿងញៀន ម្សៅក្រាមពណ៌សថ្លា កេតាមីន (ខេ) ចំនួន ០៦កញ្ចប់ ទម្ងន់ ៤៦,៩៤ ក្រាម (ថ្លឹងទាំងសំបក) ,គ្រឿងញៀនម្ស៉ៅទំពាំងបាយជូ ( MDMA ) ចំនួន ០៦កញ្ចប់ ទម្ងន់ ៤២,៧៣ក្រាម (ទាំងថង់) ,គ្រឿងញៀន ប្រភេទគ្រាប់ពណ៌ផ្កាឈូក ( អ៉ិចស្តាស៊ី )ចំនួន ០៣គ្រាប់ ទម្ងន់ ១,២២ក្រាម, ជញ្ជីង ០២គ្រឿង , ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿង,បារីអេឡិចត្រូនិច ( vape ) ៩១ ដើម, ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បន្ទាប់ពីជនសង្ស័យបានឆ្លើយសារភាពរួចមក ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕