(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការធ្វើអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យ» សម្រាប់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់កណ្តាលនិងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្តទាំង២៥ ដែលធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព លោក អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ជាពិសេសការធ្វើអធិការកិច្ចពិសេស និង ការកសាងសំណុំរឿងផាកពិន័យឱ្យកាន់តែមានប្រសិទ្ធភាព វីជ្ជាជីវៈ និងលក្ខណៈបច្ចេកទេស។

ថ្លែងក្នុងឱកាសនោះ លោក អ៉ិន ខេមរា បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះដើម្បីជំរុញប្រសិទ្ធភាពការងាររបស់មន្ត្រីអធិការកិច្ចបន្ថែមទៀត។

បន្ថែមលើនេះ លោករដ្ឋលេខាធិការ បានណែនាំដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ ក្រេបយកចំណេះដឹងដើម្បីធានាប្រសិទ្ធភាពការងារជូនសង្គមជាតិ៕