(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្តាន់។ ក្នុងពិធីនេះក៏មានការរៀបចំប្រគល់ផ្ទះ១ខ្នង និងចែកអំណោយមនុស្សធម៌ ៥០គ្រួសារ ដល់ពលរដ្ឋមានជីវភាពខ្វះខាត ដែលជាអំណោយសាខាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

លោក ងួន រតនៈ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយស្របទៅតាមយុទ្ធសាស្ត្ររបស់សហព័ន្ធអន្តរជាតិ រួមជាមួយយុទ្ធសាស្ត្របញ្ជកោណ របស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនគ្របដណ្តប់ទៅលើវិស័យអាទិភាពទាំងបួនគឺ ១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ ២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣៖ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤៖ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។

លោក ងួន រតនៈ បន្ថែមទៀតថា ការគៀងគរមូលនិធិ និងធនធានទ្រទ្រង់សកម្មភាពគឺជាយន្តការទទួលខុសត្រូវ លើការងារឆ្លើយតបតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យបានប្រសើរ និងគ្រប់គ្រាន់តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ និងការជួយសង្គ្រោះ ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។ បន្តយកចិត្តទុកដាក់ការពង្រីកសមាជិកទ្រទ្រង់គ្រប់ថ្នាក់ ដើម្បីនិរន្តរភាពការងារមនុស្សធម៌។ បន្តយកចិត្តទុកដាក់ការពង្រឹង និងពង្រីកអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម តាមរយៈការប្រែប្រួលអាកាសធាតុជាសកល ត្រូវពិនិត្យតាមដានផលប៉ះពាល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដើម្បីដំណោះស្រាយជាក់ស្តែង។

គួរបញ្ជាក់ផងដែរថា អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសណ្ដាន់ ដែលមានទំហំទំហំ ៨ម៉ែត្រ x៥ម៉ែត្រ ចំំណាយថវិកាអស់ចំនួន ២.៤៩០០ដុល្លារ ស្មើនឹង (១០២.០៩០.០០០រៀល)។ ផ្ទះ១ខ្នងមានទំហំ ៦ម៉ែត្រx១៣ម៉ែត្រ ជាអំណោយរបស់លោកស្រី ព្រំ សៀងហុង និងស្វាមី។ ក្នុងនោះផងដែរប្រជាពលរដ្ឋចំនួន ៥០គ្រួសារដែលមានជីវភាពខ្វះខាត ក្នុង១គ្រួសារទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ ទឹកត្រី ក្រម៉ា ឃីត និងថវិកា ៥.០០០រៀលផងដែរ៕