(ភ្នំពេញ)៖ ពេលយើងឮពាក្យ «ព្រៃឈើ» យើងនឹកឃើញរុក្ខជាតិខៀវស្រងាត់ ដើមឈើខ្ពស់ៗ សត្វស្លាបយំចេបៗ សម្រែកសត្វព្រៃឮសូរទ្រហឹងអឹងកង ដំណើរកាត់ព្រៃ និងស្រូបខ្យល់អាកាសបរិសុទ្ធ។ តំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ គឺជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។

ព្រៃនេះផ្តល់ភាពត្រជាក់កាយាយើង ជាជម្រកសត្វព្រៃរាប់ពាន់ប្រភេទ ទាក់ទាញទឹកភ្លៀង និងជួយការពារទប់ស្កាត់គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។ សំខាន់បំផុត វាស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ផ្តល់មកវិញនូវខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម និងបង្កើតឱកាសការងារជាច្រើន។ ហើយវាក៏ជាជម្រករបស់ជនជាតិដើមភាគតិច ដែលរស់នៅអាស្រ័យផលពីព្រៃឈើនេះ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកន្លែងវិចិត្រសាលសិល្បៈ FT និង AIR (Sra Art) Gallery ដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើចុងក្រោយឱ្យគង់វង្សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវត្តមានតែនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជួរភ្នំក្រវាញ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានរៀបចំកម្មវិធីតាំងពិព័រណ៍ «ភ្នំក្រវាញជារៀងរហូត» ក្រោមកិច្ចសហការជាមួយ Murals for Cambodia (MFC)។ ពិព័រណ៍រូបថតនេះដាក់តាំងបង្ហាញរូបថតទេសភាពស្រស់ស្អាតនៃតំបន់ជួរភ្នំក្រវាញ ជីវៈចម្រុះ និងការការពាររបស់ប្រជាជនរស់នៅជុំវិញតំបន់នោះ។

កញ្ញាបណ្ឌិត Suwanna Gauntlett ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា៖ «អង្គការយើងចុះការពារផ្ទាល់នូវតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញទំហំ ១,៧លានហិកតា។ យើងមានគោលបំណងការពារ និងអភិរក្សព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ យើងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ»

លោក FONKi ស្ថាបនិក និងជាប្រធាន FT Gallery បាននិយាយថា៖ «យើងជឿថា ទីក្រុង និងភូមិនានារីកចម្រើននៅពេលដែលទីកន្លែងនោះពោរពេញដោយសិល្បៈ ហើយមានការចូលរួមពីភាគីពាក់ព័ន្ធ និងលំហសកម្មភាពសិល្បៈ។ បេសកកម្មរបស់យើងគឺបង្កើតឱ្យមានលំហ និងបន្ថែមពណ៌នៃជីវិត ដើម្បីពង្រឹងប្រជាសហគមន៍ និងបណ្តុះថែរក្សា និងលើកតម្កើងគុណតម្លៃសម្រាប់ទីផ្សារសិល្បៈខ្មែរ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយសុខដុមរមនានេះជួយដល់ប្រជាសហគមន៍ បណ្តុះស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជីវៈចម្រុះដ៏អស្ចារ្យរបស់កម្ពុជា»

ទោះជាយ៉ាងណាក៏ដោយ យើងកំពុងបាត់បង់ព្រៃឈើរបស់យើងដោយសារភ្លើងឆេះ និងការកាប់ឈើ ដូច្នេះឥឡូវនេះជាពេលដែលយើងត្រូវយល់ពីសភាពធ្ងន់ធ្ងរនៃបញ្ហានេះឱ្យបានទាន់ពេលវេលា។ ចូរការពារអ្វីដែលយើងមាន។ ពេលវេលាបានមកដល់ហើយ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានត្រៀមលក្ខណៈរួចរាល់ក្នុងការនាំយកមកវិញនូវវត្តមានសត្វខ្លាធំមករស់នៅក្នុងព្រៃតំបន់ជួរភ្នំក្រវាញ ហើយពិព័រណ៍នេះជួយផ្សព្វផ្សាយ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ជាពិសេសអំបូរសត្វខ្លាធំដែលយើងនឹងស្តារឡើងវិញ អប់រំអ្នកទាំងអស់គ្នាអំពីសារៈសំខាន់របស់សត្វខ្លាធំនៅក្នុងជម្រកព្រៃធម្មជាតិ ដោយគ្មានការបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិត្រូវបានបង្កើតឡើងដោយកញ្ញាបណ្ឌិត Suwanna Gauntlett ក្នុងគោលបំណងចុះការពារព្រៃឈើនិងសត្វព្រៃ ដោយផ្ទាល់ តាមរយៈកម្មវិធីអភិរក្សបែបជឿនលឿន។ អង្គការនេះផ្តល់ជំនួយផ្នែកបច្ចេកទេស និងគំនិតស៊ីជម្រៅដល់បណ្តារដ្ឋាភិបាល និងខិតខំបង្កើតឱ្យមានការឯកភាពរួមពីភាគីពាក់ព័ន្ធក្នុងការរកបាននូវដំណោះស្រាយចំពោះការគំរាមកំហែងដល់បរិស្ថានជាច្រើនករណី រួមទាំងការជួញដូរសត្វព្រៃ ការធ្វើសម្បទានដីសេដ្ឋកិច្ចសម្រាប់ចម្ការកសិឧស្សាហកម្ម និងការជីកយករ៉ែ និងការទន្ទ្រានចាប់យកដីព្រៃពីសហគមន៍មូលដ្ឋាន។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជាអង្គការឈានមុខគេក្នុងការដឹកនាំសកម្មភាពផ្ទាល់នៅក្នុងតំបន់ខ្សែក្រវាត់ត្រូពិចអាស៊ីអាគ្នេយ៍៕