(ភ្នំពេញ)៖ ខ្ញុំសូមរំឭកផងដែរថា ប្រទេសចិននិងកម្ពុជា មិនត្រឹមជាប្រទេសជិតខាងល្អតែប៉ុណ្ណោះ ប្រទេសទាំងពីរនេះ ត្រូវបានពលរដ្ឋរបស់ខ្លួន ប្រសិទ្ធនាមថា ជាបងប្អូនល្អនឹងគ្នា ដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណី​និងជាមេត្រីភាពតាំងពីយូរយារណាស់ មកហើយ។ រហូតមកដល់ពេលនេះការផ្លាស់ប្តូរ ទំនាក់ទំនងទេ្វភាគីនេះ មានរយៈពេលជាង២០០០ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវ​ជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ក្រោយ អនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។

ប្រទេសយើងទាំងពីរ បានភ្ញាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោមស្នាព្រហស្ថព្រះបរមរតនកោដិ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ទំនាក់ទំនងបានបន្តជារៀងមក រហូតដល់ក្លាយទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យនៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជិនភីង ប្រធាននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកក្នុងការរឹត ចំណងសាមគ្គីភាពរវាងប្រទេស និង ប្រទេស ក្នុងភាពជាដៃគូស្មើមុខស្មើមាត់គ្នា។ ចាប់តាំងពីពេលនោះមក ប្រទេសយើងទាំងពីរបានធ្វើការពង្រឹងទំនាក់ទំនងកាន់រឹងមាំឡើងៗ រហូតដល់ទំនាក់ទំនងនេះក្លាយទៅជា ដៃគូកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលធ្វើកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៦ រួមមាន វិស័យនយោបាយ ពង្រឹងសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និង ការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

រហូតមកដល់ពេលបច្ចប្បន្ន ប្រទេសទាំងពីរចិននិងកម្ពុជា ទទួលបាននូវសមិទ្ធិផលជាផ្លែផ្កាយ៉ាងច្រើនសម្បូរបែប។ ប្រទេសចិនជា ដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុត របស់ប្រទេសកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ៤ ៣២០ លានដុល្លារ នៅឆ្នាំ២០១៥ មក ១២ ២៦៥លានដុល្លារនៅឆ្នាំ២០២៣។ ក្នុងរយៈពេល៥ខែ ឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងកម្ពុជាមានដល់ទៅ ៥ ៩៩០ លានដុល្លារអាមេរិក កើនឡើង ១៨% បើប្រៀបធៀបនឹងប្រាំខែដូចគ្នា នៅឆ្នាំ២០២៣។ ប្រទេសទាំងពីរមានជំនឿចិត្តថា នឹងសម្រេចគោលដៅ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែច្រើន ដោយផ្អែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និង កិច្ចព្រមព្រៀមដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានបង្កើតច្រករបៀង សេដ្ឋកិច្ចជាច្រើនសម្រាប់កម្ពុជានិងចិន។ លើសពីនេះទៀត កម្ពុជាបាននាំចេញអង្ករ មៀន ស្វាយ ដំឡូងមី ស្វាយចន្ទី ចេកអំបូងលឿង និង កៅស៊ូ ទៅកាន់ប្រទេសចិន។

ជាមួយគ្នានេះដែរ កម្ពុជាបានធ្វើការនាំចូលពីប្រទេសចិន មកវិញនូវវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ និង វាយនភណ្ឌ ដែលក្នុងនោះរួមមាន សំលៀកបំពាក់ ស្បែកជើង និង កាបូបធ្វើដំណើរ ក្នុង ទំហំទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ។ ការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរនេះ បានរួមចំណែកក្នុងការបង្កើតតម្លៃបន្ថែមប្រមាណ ៦ពាន់លានដុល្លារទៅក្នុងចំណូលជាតិរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣ បើទោះក្នុងឆ្នាំនេះ ជាឆ្នាំនៃការធ្លាក់ចុះនៃការនាំចេញ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង កាបូបក៏ដោយ។ វិស័យនេះ ក៏រួមចំណែក្នុងការបង្កើតការងារ ជូនដល់ពលរដ្ឋកម្ពុជាប្រមាណ ១ លាននាក់ ជាពិសេសយុវជន យុវតី នៅតាមតំបន់ជនបទ។

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសរបស់ចិននៅកម្ពុជា មានរហូតដល់ទៅ ៥ កន្លែង រួមមាន Dragon King SEZ, Shandong Sunshell SEZ, Qilu (Jian Pu Zhai) SEZ, Sihanoukville SEZ2, និង Sihanoukvill SEZ1 ដែលបានផ្តល់ការងារយ៉ាងសន្ធឹកសន្ធាប់ ដល់ពលរដ្ឋកម្ពុជា រួមចំណែកក្នុងការផ្តល់ប្រាក់ចំណូលដល់គ្រួសារ តាមការទទួលបានប្រាក់ឈ្នួលពលកម្មតែប៉ុណ្ណោះទេ បានផ្តល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល តាមរយៈការនាំចេញ ទៅកាន់ទីផ្សារធំៗ នៅលើសាកលោកផងដែរ។

មិនថាស្ថិតនៅក្នុងកាលៈទេសៈណា ភាគីចិនតែងតែផ្តោតការយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយផ្តល់ការជ្រោមជ្រែង គាំទ្រដល់ប្រទេសកម្ពុជា ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសមស្របនឹង ស្ថានភាពរបស់ប្រទេសខ្លួន។ ជាពិសេសផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ ធ្វើឱ្យកិច្ចសហប្រតិបត្តិការជា យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិននិងកម្ពុជាឲ្យកាន់តែមានភាពស៊ីជម្រៅ ដោយមិនងាករេ។ ព្រមជាមួយគ្នានេះ សហគ្រាសចិនបានជួយកសាងស្ពាន និងផ្លូវថ្នល់នៅប្រទេសកម្ពុជា ដោយបានរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ ប្រជាជននៃប្រទេសកម្ពុជាផងដែរ។ ដោយសារកសិកម្មកម្ពុជានៅមានភាពទន់ខ្សោយបន្តិច ហេតុដូច្នេះប្រទេសចិនបានផ្តល់ ការជួយឧប្ថតម្ភគ្រប់បែបយ៉ាងលើ វិស័យកសិកម្មដល់កម្ពុជា ដែលក្នុងនោះរួមមានទាំង បច្ចេកទេសដាំដំណាំ ប្រព័ន្ធធារាសាស្ត្រ និងការនាំចេញអង្ករជាដើមដោយ បានផ្តល់នូវការជួយជ្រោមជ្រែង យ៉ាងជាក់ស្តែងដល់កសិករកម្ពុជា។

ប្រទេសកម្ពុជាបានគាំទ្រនូវគំនិតផ្តួចផ្តើមអំពីយុទ្ធសាស្ត្រ ”ខ្សែក្រវាត់មួយនិងផ្លូវមួយ” និងចូលរួមយ៉ាងសកម្មជាមួយ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលលើកឡើងដោយប្រទេសចិន។ ជាមួយគ្នានេះដែរ កម្ពុជាក៏បានដើរតួនាទីជា សម្របសម្រួលក្នុងវេទិកាអាស៊ានចិន ក្នុងឋានៈខ្លួនជាប្រធានអាស៊ានប្តូរវេន និង បានធ្វើកិច្ចសហការជាច្រើនទៀត រួមមានកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជាចិន កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យការពារជាតិ សន្តិសុខជាតិ ការធ្វើសមយុទ្ធនាគមាសផងដែរ៕

ដោយ គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា