(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចេញមកបញ្ជាក់ពីការគ្រប់គ្រងទុនបម្រុងសម្រាប់បម្រើឱ្យសកម្មភាពមន្ទីរពេទ្យគន្ធបុប្ផា ប្រសិនបើត្រឹមរយៈពេល២ ឬ៣ឆ្នាំ ទោះបីមិនមានចំណូលក៏ដំណើរការរបស់មន្ទីរពេត្យគន្ធបុប្ផាដើរទៅមុខបានដែរ។

នៅថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយ ពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកបណ្ឌិត ចន ណារិទ្ធ បានអះអាងថា ការគ្រប់ទុនបម្រុងរបស់មូលនិធិគន្ធបុប្ផាកម្ពុជា គឺធ្វើឡើងដោយម៉ត់ចត់ ពោលគឺមិនមែនជាការគ្រប់គ្រងដោយឥតមាយាទនោះទេ។

ឆ្លើយតបនឹងសំណួររបស់បណ្តាញព័ត៌មាន Fresh News នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ៊ឹចឹង ដើម្បីនឹងធានានូវនិរន្តភាពភាពទៅមុខ យើងបានគ្រប់គ្រងដោយប្រុងប្រយ័ត្ន មិនគ្រប់គ្រងដោយឥត មាយាទនោះទេ គឺគ្រប់គ្រងដោយមានចំណែកចាយក្នុងពេលបច្ចុប្បន្ន និងចំណែកបម្រុងទុកទៅអនាគត...! ដំណើរការនៃការបង្កើនមូលនិធិនេះ (មូលនិធិគន្ធបុប្ផាកម្ពុជា) មកដល់បច្ចុប្បន្ន ទុនបម្រុងរបស់យើងគឺមានកម្រិត ដែលយើងអាចមានអារម្មណ៍សុវត្ថិភាព នៅក្នុងប្រតិបត្តិការរបស់មន្ទីរពេទ្យ ខ្ញុំអាចជម្រាបជូនដោយខ្លីថា ត្រឹម២ ឬ ៣ឆ្នាំទៅមុខ បើសិនជាអត់ចំណូលសោះក៏យើងមិនមានបញ្ហាអីដែរ នៅក្នុងការធ្វើឱ្យមន្ទីរពេទ្យនេះមាននិរន្តរភាពដំណើរការទៅមុខ»។

លោកបណ្ឌិត ចន ណារិទ្ធ បានបន្ថែមថា ត្រង់ចំណុចនេះទំហំថវិកា ​បម្រុងសម្រាប់ចំណាយការព្យាបាលកុមារកម្ពុជា គឺជាការគ្រប់គ្រងហិរញ្ញវត្ថុបែបទំនើប ទម្រង់អភិបាលកិច្ច។

លោកបណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា សម្រាប់យុទ្ធសាស្ត្រទៅថ្ងៃខាងមុខ មូលនិធិគន្ធបុប្ផាកម្ពុជា ដោយបានបែកចែកជា៣កម្រិត ដោយចាប់ផ្តើមនៅរាជធានីភ្នំពេញ ដល់សប្បុរសជនដែលមានធនធានដើម្បីបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងបង្កើតមូលដ្ឋានសម្រាប់ផ្តល់ភាពងាយស្រួលដល់សប្បុរសជនតាមរយៈការបរិច្ចាគបែបអេឡិចត្រឡិច តាមប្រព័ន្ធធនាគារ និងជំហានបន្ទាន់កំពុងគិតគូរ ឈោងចាប់យកសប្បុរសជនដែលជាពលរដ្ឋកម្ពុជា រស់នៅបរទេស ប៉ុន្តែ ចំណុចនេះ មូលនិធិកគន្ធបុប្ផាកម្ពុជា កំពុងគិតគូរជាមួយធានគារផ្តល់ភាពងាយស្រួលក្នុងការចូលរួមបរិច្ចាគថវិកាជូនមូលនិធិ ផងដែរ។

មូលនិធិគន្ធបុប្ផាកម្ពុជា បាននិងបន្តការខិតខំអំពាវនាវដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗ ដូចជាការជំរុញការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ការបង្កើនការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន និងសង្គម ការធ្វើបទបង្ហាញនៅតាមសមាគមធុរកិច្ច និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា នៅតាមបណ្តារាជធានី-ខេត្ត ការដាក់បដារមូលនិធិនៅតាមទីសាធារណៈ និងការបន្តរៀបចំយុទ្ធនាការកៀរគរការបរិច្ចាគនានា ដូចជា ការរៀបចំកម្មវិធីដើរដើម្បីកុមារកម្ពុជា, កម្មវិធីប្រកួតកីឡាបាល់ទាត់, កម្មវិធីប្រកួតវាយសី កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា និងកីឡាផ្សេងៗទៀត, ការប្រគំតន្រ្តីដើម្បីភាពញញឹមកុមារ និងយុទ្ធនាការជាច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួងស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន៕