(សិង្ហបុរី​)​៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុនៅឆ្នាំ២០២៤ ដោយផ្តល់អត្ថប្រយោជន៍ពិសេសដល់វិនិយោគិន បន្ថែមលើសពីច្បាប់ស្តីពីការវិនិយោគ និងខិតខំធ្វើឱ្យខេត្តនេះក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ពហុវិស័យ ហើយកម្ពុជាក៏កំពុងជំរុញការរៀបចំយ៉ាងសកម្មនៅតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបំពេញតម្រូវការពិសេសរបស់វិនិយោគិន និងអ្នកអភិវឌ្ឍ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះពីវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃសហគ្រាសដែលបានបង្កើតឡើង និងសហគ្រាសដែលកំពុងរីកចម្រើនលើគ្រប់វិស័យ។ ដើម្បីជំរុញបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តការកែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួលបទបញ្ញត្តិនិងនីតិវិធីក្នុងការបង្កើតអាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដ៏ទាក់ទាញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ច្បាប់ថ្មីស្តីពីការវិនិយោគនៅកម្ពុជាបានផ្តល់នូវការលើកទឹកចិត្តផ្នែកពន្ធដាររហូតដល់១៥ឆ្នាំសម្រាប់វិស័យអាទិភាពជាច្រើន រួមជាមួយនឹងការធានានិងការការពារនិយោគិនដោយគ្មានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស ហើយគ្មានការរឹតបន្តឹងលើការផ្ទេរប្រាក់ពីប្រាក់ចំណេញ និងដើមទុនឡើយ»

សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នាឆ្នាំ២០២៤នេះ ដោយផ្តល់អត្ថប្រយោជន៍ពិសេសដល់វិនិយោគិន បន្ថែមលើសពីច្បាប់ស្តីពីការវិនិយោគ ដោយធ្វើឱ្យខេត្តនេះក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់វិស័យចម្រុះ។ ម្យ៉ាងទៀត កម្ពុជាក៏កំពុងជំរុញការរៀបចំយ៉ាងសកម្មនៅតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបំពេញតម្រូវការពិសេសរបស់វិនិយោគិន និងអ្នកអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) កម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការចូលទៅកាន់ទីផ្សារក្នុងតំបន់ដ៏ធំទូលាយ ជំរុញកិច្ចសហប្រតិបត្តិការនិងកំណើននៅគ្រប់វិស័យសំខាន់ៗ។

សម្ដេចធិបតីបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) បានពង្រឹងបន្ថែមទៀតនូវឧត្តមភាពសេដ្ឋកិច្ចរបស់កម្ពុជា។ សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បានពង្រឹងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហពាណិជ្ជកម្ម និងការអនុវត្តប្រកបដោយសមធម៌ផងដែរ៕