(ព្រះវិហារ)៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយនគរបាលអធិការក្រុងព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្តាប់ ក្រោយជនទាំង៤នាក់ ធ្វើសកម្មភាពលួចសម្ភារប្រជាពលរដ្ឋនៅពេលយប់។

លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ថា ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ គឺក្រោយពីសមត្ថកិច្ចទួលបានពាក្យបណ្តឹងពីជនរងគ្រោះដែលបានប្តឹងមកគឺមានករណី២ផ្សេងគ្នា ករណីទី១ នៅថ្ងៃទី១៦ ជនសង្ស័យចូលលួចតុធ្នង់នៅក្នុងវត្តគោកបេង និងករណីទី២ នៅថ្ងៃទី១៧ ខែមិថុនា ជនសង្ស័យគាស់ផ្ទះប្រជាពលរដ្ឋនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល។

ក្រោយពីទទួលបានពាក្យបណ្តឹង២ករណីនេះ និងក្រោមបទបញ្ជា និងការណែនាំដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត បានចុះសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ អធិការក្រុងព្រះវិហារ បើកការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ដែលធ្វើសកម្មភាពដូចការប្តឹងរបស់ប្រជាពលរដ្ឋទាំង២ករណីផ្សេងគ្នា។

លោកវរសេនីយ៍ឯកបានថ្លែងឱ្យដឹងទៀតថា ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ គឺជាមុខសញ្ញាចាស់  ក្នុងនោះមាន២នាក់ធ្លាប់ជាប់ពន្ធនាគាម្តងទៅ២ដងមកហើយ និងម្នាក់ទៀតមានដីកាចាប់ខ្លួន ដែលជនទាំងអស់នេះសុទ្ធតែពាក់ព័ន្ធក្នុងករណីលួចដូចគ្នា។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕