(ស្វាយរៀង)៖ ប្រជាពលរដ្ឋរាយការណ៍តាមរយៈ App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលា១៤៖៥៤នាទី សមត្ថកិច្ចនៃអធិការនគរបាលស្រុកកំពង់រោទិ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្វាយតាយាន បានចុះស្រាវជ្រាវដល់កន្លែងចង្អុលបង្ហាញដោយ App Nodrug ឃ្លាំមើលរហូតដល់ម៉ោង៥ល្ងាច ទើបសមត្ថកិច្ចយើងបានឃាត់ខ្លួនឈ្មោះ សេង សួយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៏ ខេត្តស្វាយរៀង ដើម្បីសួរនាំនិងតេស្តរកសារធាតុញៀនលទ្ធផល(+)។

តាមចម្លើយឈ្មោះ សេង សួយ បានឆ្លើយសារភាពថា ខ្លួនចេះប្រើប្រាស់គ្រឿងញៀនតាំងពីឆ្នាំ២០១៨  និងធ្លាប់បានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងឃាត់ខ្លួន ពីបទល្មើសប្រើប្រាស់គ្រឿងញៀន ហើយបានធ្វើកិច្ចសន្យាអប់រំណែនាំដោយមានឪពុកម្តាយមកធានាដើម្បីបានត្រឡប់មកផ្ទះវិញខ្លួនក៏បានកែប្រែឈប់ប្រើប្រាស់គ្រឿងញៀន។

រហូតដល់ខែមេសា ឆ្នាំ២០២៤ ខ្លួនបានចូលធ្វើការរោងចក្រ ហើយបានជួបមិត្តភក្តិធ្លាប់ប្រើប្រាស់គ្រឿងញៀនជាមួយគ្នាកាលពីមុន ហើយបានបន្តប្រើប្រាស់គ្រឿងញៀនបាន០១លើកក្នុងខែ។ តាមចម្លើយ គ្រឿងញៀននោះទិញនៅក្នុងតំបន់រោងចក្រ។

ករណីនេះសមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ ព្រមទាំងកោះហៅអាណាព្យាបាល ធ្វើកិច្ចសន្យាយកទៅអប់រំបន្ត៕