(សិង្ហបុរី)៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ លោកស្រី ចម និម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា បានអញ្ជើញជាអធិបតីភាពជាមួយថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា ដើម្បីទទួលទានអាហារពេលព្រឹកជាភ្ញៀវកិត្តិយស។

ពិធីនេះរៀបចំដោយអ្នកឧកញ៉ា សៀ ឫទ្ធីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោកបណ្ឌិត Robert Yap ប្រធានក្រុមប្រឹក្សាភិបាល YCH Group និងជាប្រធាន SCALA ។

អាហារពេលព្រឹករបស់ថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា គឺជាវេទិកាមួយ សម្រាប់អ្នកដឹកនាំធុរកិច្ច មកពីប្រទេសទាំងពីរ ដើម្បីពិភាក្សា និងស្វែងរកកិច្ចសហការ និងឱកាសរីកចម្រើនបន្ថែមទៀពិសេស វត្តមានចូលរួមពីសំណាក់អាជីវកម្មដែលទាក់ទងនឹងវិស័យភស្តុភារ។

ព្រឹត្តិការណ៍នេះ បានបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងសិង្ហបុរី និងកម្ពុជា និងសក្តានុពល សម្រាប់ផលប្រយោជន៍ ទៅវិញទៅមក ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យភស្តុភារ។

បន្ទាប់ពីទទួលទានអាហារពេលព្រឹកក្នុងការជំរុញច្រវាក់ផ្គត់ផ្គង់ និងវិស័យភស្តុភារក្នុងប្រទេសកម្ពុជា សាលាបណ្ដុះបណ្ដាលផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្ដភារ Supply Chain and Logistics Academy (SCALA) Singapore និង ក្រុមហ៊ុន PPLC Superport & Industrial Co., LTD. (កម្ពុជា) បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់ការបណ្តុះបណ្តាល ដ៏ទូលំទូលាយដល់សិក្ខាកាមកម្ពុជា រហូតដល់ ៣០០នាក់ នៅប្រទេសសិង្ហបុរី ដោយបំពាក់បំប៉នឱ្យពួកគេនូវជំនាញ និងចំណេះដឹង ដែលត្រូវការ ដើម្បីមានសមត្ថភាពបម្រើការងារនៅក្នុងវិស័យខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មដឹកជញ្ជូន ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

វគ្គបណ្តុះបណ្តាលនេះនឹងគ្របដណ្តប់លើផ្នែកផ្សេងៗ រួមទាំងប្រតិបត្តិការអាជីវកម្ម ការអភិវឌ្ឍអាជីវកម្ម ការបង្កើន ប្រសិទ្ធភាពប្រតិបត្តិការ បច្ចេកវិទ្យា និងបរិបទខ្សែច្រវាក់ផ្គត់ផ្គង់សកល។

MoU ត្រូវបានចុះហត្ថលេខាដោយលោក Allen Dodgson Tan តំណាងឱ្យ ក្រុមហ៊ុន PPLC និងលោក Ian Dyason នាយកប្រតិបត្តិនៃ SCALA នៅចំពោះមុខ លោកស្រី ចម និម្មល និងលោក ជា វុទ្ធី។

ក្រោយការចុះហត្ថលេខាឯកសារចុះអនុស្សរណៈយោគយល់គ្នានេះ ក៏ត្រូវបានតំណាងក្រុមហ៊ុនទាំងពីរ ប្រគល់ផ្លាស់ប្តូរទៅវិញទៅមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងវេទិកាធុរកិច្ចសិង្ហបុរី-កម្ពុជា។

លោក Ian Dyason នាយកប្រតិបត្តិក្រុមហ៊ុន SCALA មានប្រសាសន៍ថា «MOU នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យភ័ស្តុភាររបស់កម្ពុជា។ តាមរយៈភាពជាដៃគូនេះ យើងនឹងផ្តល់ឱកាសដល់វិស័យភស្ដុភាររបស់កម្ពុជាក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដោយផ្តល់ឱ្យពួកគេនូវជំនាញដែលត្រូវការ ដើម្បីរីកចម្រើន នៅក្នុងឧស្សាហកម្មដ៏ស្វាហាប់នេះ»

លោក Allen Dodgson Tan បានបន្ថែមថា «ភាពជាដៃគូនេះជាមួយ SCALA គឺជាសក្ខីភាពមួយ ចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុន PPLC ក្នុងការជំរុញកំណើន និងការអភិវឌ្ឍ ក្នុងឧស្សាហកម្មភស្តុភាររបស់កម្ពុជា។ យើងមានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការនេះ នឹងមានឥទ្ធិពលវិជ្ជមានយូរអង្វែងលើខ្សែសង្វាក់ផ្គត់ផ្គង់ និងសមត្ថភាពដឹកជញ្ជូនរបស់កម្ពុជា»