(ភ្នំពេញ)៖ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ជូនលោកហេង តៃគ្រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលកំពុងសម្រាក់ព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

លោក ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តមហេង តៃគ្រី និងក្រុមគ្រួសារ។

លោកស្រី ខៀវ វណ្ណា ហេង តៃគ្រី បានថ្លែងថា នាងខ្ញុំនិងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ នាងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខស្វាមីនាងខ្ញុំដល់លំនៅដ្ឋាន។

លោកស្រីបន្ដថា នាងខ្ញុំនិងក្រុមគ្រួសារពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

លោកស្រីក៏បានបញ្ជាក់ពីការគាំទ្រនិងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនិងកំណត់នូវចក្ខុវិស័យ ផែនការយុទ្ធសាស្រ្តច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

លោកស្រី ខៀវ វណ្ណា ហេង តៃគ្រី និងក្រុមគ្រួសារបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ដែលបម្រើឱ្យសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាអនាគត។

លោកស្រី ក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលលោក ហេង តៃគ្រី ធ្លាប់បានឆ្លងកាត់ និងការបំពេញការងារជូនជាតិមាតុភូមិ ផ្នែកវិស័យសុខាភិបាល ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។

លោកស្រីបានរម្លឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ លោកហេង តៃគ្រី បានចូលបម្រើការងារនៅមន្ទីរពេទ្យបដិវត្តន៍ផ្នែកវះកាត់ ជានាយកមន្ទីរពេទ្យកាល់ម៉ែត សមាជិកក្រុមប្រឹក្សាភិបាលសាស្ត្រាចារ្យសាលាពេទ្យ សមាជិកគណៈកម្មការកណ្តាលកាកក្របាទក្រហមកម្ពុជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា រដ្ឋលេខាធិការក្រសួងសុខាភិបាល។

ក្នុងឱកាសដ៏មានអត្ថន័យនោះផងដែរ លោកចាយ បូរិន និងក្រុមការងារក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ លោកហេង តៃគ្រី និងសូមជូនពរដល់ឯកឧត្តមទទួលបានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕