(ភ្នំពេញ)៖ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ បានថ្លែងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសិង្ហបុរី ដែលល្អក់កករបន្តិច កាលពីឆ្នាំ២០១៩ ហើយក្រោយមកក៏បានល្អប្រសើរជាធម្មតាឡើងវិញ ដោយសារតែមានជំនួបតាមទូរស័ព្ទ និងតាមរយៈជំនួបផ្ទាល់របស់មេដឹកនាំនៃប្រទេសទាំង២។

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងដូចនេះនាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅប្រទេសសិង្ហបុរី ។

ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-សិង្ហបុរី ដែលមានបញ្ហាកាលពីឆ្នាំ២០១៩ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានថ្លែងដូចនេះថា «ជាការពិតនៅឆ្នាំ២០១៩ កម្ពុជាដែលមានការភ្ញាក់ផ្អើល បានបញ្ចេញប្រតិកម្មចំពោះការលើកឡើងបែបនេះរបស់ ឯកឧត្តម លី ស៊ានឡុង (Lee Hsien Loong) ដែលកាលសម័យនោះជានាយករដ្ឋមន្ត្រីសិង្ហបុរី [..] នៅទីផុត និងយ៉ាងលឿងរហ័ស ទំនាក់ទំនង កម្ពុជា- សិង្ហបុរី បានវិលមករកប្រក្រតីភាពវិញ ដោយសារតែមានការទាក់ទងគ្នាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំ និងដោយសារមានការជួបគ្នាផ្ទាល់រវាងថ្នាក់ដឹកនាំ»

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបន្ថែមថា នៅក្នុងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ដូចគ្នានឹងរវាងមនុស្សនិងមនុស្សដែរ ហើយអ្វីដែលសំខាន់គឺមិនមែនអតីតកាលដែលជាពិសេសអតីតកាលដែលមានការរកាំរកុះដែលមានបញ្ហា និងរឿងរ៉ាវមួយចំនួន ក្នុងនោះអ្វីដែលសំខាន់គឺបច្ចុប្បន្នកាល និងអនាគតកាល។

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានបញ្ជាក់ដែរថា សម្រាប់អនាគតកាលរវាងកម្ពុជា និងសិង្ហបុរី សូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា គឺច្បាស់ជាល្អ ជិតស្និទ្ធនឹងប្រកបដោយផ្លែផ្កាដោយសារនៅក្នុងដំណើររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសសិង្ហបុរី សម្តេចបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗទាំងអស់របស់សិង្ហបុរី ហើយកម្ពុជានិងសិង្ហបុរី សុទ្ធតែគិតដល់សាមគ្គីភាពរវាងគ្នា ក្នុងនាមជាសមាជិកនៃអាស៊ានដូចគ្នា និងក្នុងនាមជាដៃគូរសេដ្ឋកិច្ច ដែលនឹងមានទំនាក់ទំនងកាន់តែជិតស្និទ្ធខ្លាំងឡើងៗក្នុងតំបន់ផងដែរ។

លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានអះអាងថា កម្ពុជា-សិង្ហបុរី បានសំឡឹងមើលទៅអនាគតដូចគ្នាថា នឹងធ្វើដូចម្តេចដើម្បីប្រយោជន៍រួម ដើម្បីមានលទ្ធភាពទាញផលចំណេញខាងសេដ្ឋកិច្ចពីគ្នាទៅវិញទៅមក នៅក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីយោគយល់គ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា កាលពីចុងខែឧសភា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានលើកឡើងថា វៀតណាមបានចូលឈ្លានពានកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ១៩៨០។ ការលើកឡើងបែបនេះ បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំកំពូលកម្ពុជា-វៀតណាម ដោយចាត់ទុកថា មានលក្ខណៈផ្ទុយពីប្រវត្តិសាស្រ្តជាក់ស្តែង ហើយគាំទ្រដល់របបខ្មែរក្រហម។

ទោះជាយ៉ាងនេះក្តីបន្ទាប់ពីមានប្រតិកម្មនេះ សិង្ហបុរីបានបន្ទន់ឥរិយាបទ ដោយអះអាងថា នាយករដ្ឋមន្រ្តីរបស់ខ្លួន មិនមានចេតនាមិនល្អណាមួយមកលើកម្ពុជានោះទេ។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian ដែលបានទូរស័ព្ទមក រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបញ្ជាក់អះអាងថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ពុំមានចេតនាមិនល្អណាមួយក្នុងសារខាងលើនេះទេ។

លោក Vivian បានបញ្ជាក់ថា សិង្ហបុរីចង់បានតែសន្តិភាព និងវិបុលភាពសម្រាប់កម្ពុជាតែប៉ុណ្ណោះ ពុំមានបំណងណាមួយគាំទ្រខ្មែរក្រហម ហើយមិនចង់ឃើញរបបនេះ វិលត្រឡប់មកកម្ពុជាវិញទេ។ សូមកុំឱ្យមានការសង្ស័យអ្វីលើភាពស្មោះត្រង់នេះ៕