(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ត្រៀមបើកយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម ដែលនឹងចាប់អនុវត្តនាពេលខាងមុខ ក្នុងក្របខណ្ឌទូទាំងខេត្តបាត់ដំបង ដោយកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុកទាំង១៤ កងកម្លាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ នៅឯសាលប្រជុំសាលាខេត្តបាត់ដំបង ។

លោក សុខ លូ បានលើកឡើងថា សម្រាប់យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើមនេះ គឺធ្វើឡើងសម្រាប់ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបងតែម្ដង ដោយជំហានដំបូង គឺផ្ដោតទៅលើទីប្រជុំជន ក្នុងគោលបំណងសំខាន់បំផុត គឺដើម្បីកំណត់ឲ្យច្បាស់អំពីព្រំដីចំណីផ្លូវ ជៀសវាងមានការរំលោភបំពានដីចំណីផ្លូវ និងពិសេសលើកកម្ពស់សម្រស់ នៅតាមទីប្រជុំជននៅតាមក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង។

លោកបានលើកឡើងថា សម្រាប់យុទ្ធនាការនេះ នឹងចាប់ផ្ដើមព្រមគ្នានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដូច្នេះស្នើឱ្យមានការចូលរួមពីសំណាក់មន្រ្ដីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូល
រួមយុទ្ធនាការនេះ នឹងចូលរួមក្នុងការថែរក្សាដើមឈើនេះ ឲ្យបានគង់វង្ស ដើម្បីជាម្លប់ ជាសម្រស់ និងបង្ហាញដល់កូនចៅជំនាន់ឱ្យបានស្គាល់អំពីប្រភេទនៃដើមឈើប្រណិតសំខាន់ៗមួយចំនួននោះផងដែរ៕