(ត្បូងឃ្មុំ)៖ នៅថ្ងៃព្រឹកទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្បាលម៉ាស៊ីនគណបក្សឆន្ទៈខ្មែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំចំនួន៣រូបទៀត បានសម្រេចចិត្តដើរចេញពីបក្ស ដែលខ្លួនបានស្ម័គ្រស្មោះយូរឆ្នាំមកហើយ។ មូលហេតុនៃការសម្រេចចិត្តដើរចេញពី បក្សនេះ ត្រូវបានពួកគេអះអាងថា បណ្តាលមក ពីការបាត់បង់ជំនឿចិត្តទៅលើជោគវាសនាបក្សប្រឆាំង ដែលខ្វះសាមគ្គីភាព និងការ បែក បាក់នៅក្នុងចំណោមមេដឹកនាំបក្សប្រឆាំង ហើយទៅបង្កើតបក្សថ្មីៗជាច្រើន។
ថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៣រូប បានគូសបញ្ជាក់ថា ពួកគេបានប្រឹងប្រែងតស៊ូជួយបក្សអស់ជាច្រើនឆ្នាំមកហើយ ដោយរំពឹងថា បក្សនឹង មានការចម្រើន តែផ្ទុយទៅវិញគណបក្សប្រឆាំងបានបែកខ្ញែកគ្នា ទៅបង្កើតបក្សថ្មីរៀងៗខ្លួន តែមិនដូចក្តីរំពឹងរបស់ពួកគេ បក្សប្រឆាំងកាន់តែបានចុះខ្សោយពីមួយឆ្នាំ ទៅ មួយឆ្នាំ ហើយថ្នាក់ដឹកនាំបក្សបែកបាក់គ្នាថែមទៀតផង។ ជាពិសេសពួកគេមានការខឹងសម្បាយ៉ាងខ្លាំងនឹងទណ្ឌិត សម រង្ស៉ី ប្រឆាំងគម្រោង ព្រែក ជីកហ្វូណនតេជោ ដែលជាគម្រោងដ៏មានប្រយោជន៍សម្រាប់ជាតិ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ពួកគាត់ទាំង៣នាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា សូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ចាប់ពីពេលនេះតទៅ។ ដោយមើលឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ យើងខ្ញុំសូមស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។ ជាមួយគ្នានេះពួកគាត់ ក៏បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ របស់បុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕