(ភ្នំពេញ)៖ លោក អេស្តេបាន ឡាហ្សូ អែណានដែស (Esteban Lazo Hernández) ប្រធានរដ្ឋសភាគុយបា បានផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លិខិតរបស់លោក អេស្តេបាន ឡាហ្សូ អែណានដែស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនានេះ មានខ្លឹមសារដូច្នេះថា «តាងនាមឱ្យសមាជិករដ្ឋសភា និងតំណាងរាស្ត្រទាំងអស់ដែលបង្កើតសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមអបអរសាទរចំពោះសម្តេច ដែលត្រូវបានបោះឆ្នោត ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេច យើងនឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី ការយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនរបស់យើង។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរ សម្តេច ហ៊ុន សែន ឱ្យទទួលបានជោគជ័យក្នុងសកម្មភាព ប្រកបដោយវិជ្ជាជីវៈរបស់សម្តេច និងសូមធានាជូន សម្តេច នូវសក្ខីភាពដោយការគោរពដ៏ខ្ពង់ខ្ពស់ របស់យើងខ្ញុំ»៕