(ភ្នំពេញ)៖ លោកស្រី ឃុន ណៃហៀក អនុរដ្ឋលេខាធិការ ក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្ពុជា គឺជាឋានសួគ៌របស់សហជីព ដែលមានសហជីព ចំនួនប្រមាណជាង ៦ពាន់សហជីព បាននិងកំពុងអនុវត្តសិទ្ធិសេរីភាព ខ្លួនយ៉ាងពេញលេញអនុលោមតាមច្បាប់ស្តីពី «ការងារច្បាប់ស្តីពីសហជីព និងបទដ្ឋានការងារអន្តរជាតិ»

តាមរយៈបណ្តាញសង្គម លោកស្រី ឃុន ណៃហៀក បានបញ្ជាក់ថា បើសិនជាសហជីពពិតជាមិនទទួលបានសិទ្ធិសេរីភាពមែននោះ ពិតជាមិនមានចំនួនសហជីពដ៏ច្រើនអាចបង្កើត និងអនុវត្តនូវសិទ្ធិសេរីភាព យ៉ាងពេញលេញតាមច្បាប់នោះឡើយ។

បន្ថែមពីនេះ លោកស្រី ឃុន ណៃហៀក បានសង្កត់ធ្ងន់ថា វិទ្យុអាស៊ីសេរី គួរយល់ដឹងឱ្យច្បាស់ថា អ្វីដែលជាសកម្មភាពសហជីព ហើយអ្វីដែលជាការប្រព្រឹត្តខុសច្បាប់របស់បុគ្គលដែលជាសហជីព ហើយត្រូវរៀនទទួលស្គាល់ការពិតនៃការវិវត្តន៍រីកចម្រើននៃអង្គការវិជ្ជាជីវៈ និងការធានាការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ចៀសវាងការចេញរបាយការណ៍ណាមួយ ដែលអាចនឹងប្រឈមផ្លូវច្បាប់៕