(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក សម វឌ្ឍនា មនុស្សសំខាន់របស់ សម រង្ស៉ី និង កឹម សុខា ប្រចាំនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រកាសដើរចេញពីគណបក្សប្រឆាំង គោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែលចូលរួម
ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលក្នុងការជីកព្រែកហ្វូណនតេជោ។
សារសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា «តាងនាមឲ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែលបានសម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជានិងគាំទ្ររាជរដ្ឋាភិបាល ក្នុងការជីកព្រែកហ្វូណនតេជោ។ សូមជូនពរលោក និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សេចក្តីចម្រើន»។
សូមជំរាបថា ការប្រកាសចាកចេញពីក្រុមប្រឆាំងរបស់លោក សម វឌ្ឍនា បន្ទាប់ពីលោកបានមើលឃើញថា រយៈពេលជាង២០ឆ្នាំនៃជីវិតនយោបាយ និងឆ្លងកាត់វ័យ៥៩ឆ្នាំកន្លងមកនេះ លោកមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ កំលាំងនយោបាយរឹងមាំ និងមានចក្ខុវិសយ័នយោបាយវែងឆ្ងាយ ដើម្បីធានាស្ថេរភាពនយោបាយ និងធានាសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការបន្តអភិវឌ្ឍន៏សង្គម និងអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ឲ្យបានរីកចម្រើនរុងរឿងបន្តទៅមុខទៀត។
ការសម្រេចចិត្តសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ១០០% គឺដោយសារលោក សម វឌ្ឍនា មិនពេញចិត្ត ទៅនិងមេដឹកនាំប្រឆាំងជ្រុលនិយម ដែលព្យាយាមប្រឆាំងទៅ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងបែបរារាំងទប់ស្កាត់ ក្នុងគោលបំណងបំផ្លាញផលប្រយោជន៏ជាតិ និងផលប្រយោជន៏ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលផលបានពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលខ្ញុំបាទមិនអាចទទួលយកបាន។
សូមជំរាបថា លោក សម វឌ្ឍនា គឺជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្រៀនបន្ថែមនៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វរ័ញ៉ា, ហើយលោក និងភរិយា គឹជាម្ចាស់ភោជនីយដ្ឋានខ្មែរមួយកន្លែង មានឈ្មោះ «បាយ័ន» នៅទីក្រុងស្តុកតុន សហរដ្ឋអាមេរិក៕