(ភ្នំពេញ)៖ នគរបាលខណ្ឌកំបូល បានចូលរួមកិច្ចប្រជុំប្រជុំផ្សព្វផ្សាយស្ដីពីបញ្ហាក្មេងទំនើង ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល​ និងលោក-លោកស្រី​ ដែលជានាយក​ នាយករង​ នៅតាមបណ្ដាសាលារៀនរដ្ឋ​ និងសាលារៀនឯកជន​ទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌកំបូល​ ដើម្បីលុបបំបាត់ឲ្យអស់ រាល់សកម្មភាពក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអនាធិបតេយ្យ វាយ កាប់ចោក់គ្នាធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងសង្គមជាតិ។

កិច្ចប្រជុំខាងលើនោះ បានប្រព្រឹត្តទៅកាលពីវេលារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំសាលាខណ្ឌកំបូល ក្រោមអធិបតីភាពលោក តោ វីរូ អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកលោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌកំបូល​ តំណាងលោកមេបញ្ជារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ ព្រមទាំងប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោកចៅសង្កាត់ទាំង៧ លោកនាយប៉ុស្ដិ៍នគរបាលទាំង៧ លោក-លោកស្រី​ ដែលជានាយក​ នាយករង​ នៅតាមបណ្ដាសាលារៀនរដ្ឋ​ និងសាលារៀនឯកជន​ទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌកំបូល​។

លោកវរសេនីយ៍ឯក​ ហុង​ ពិសិដ្ឋ​ ​បានថ្លែងប្រាប់អង្គភាព Fresh News ថា បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្ដេជ្ញាចិត្តជំហ៊ានទី២ នៅក្នុងការបង្រ្កាបក្រុមក្មេងទំនើងនេះ។

លោកក៏បានយកកិច្ចការងារនេះទៅរាយការណ៍ជូនលោកអភិបាលខណ្ឌកំបូល ហើយលោកអភិបាលខណ្ឌក៏បានបង្កើតកិច្ចប្រជុំបន្ទាន់មួយនេះឡើង ពាក់ព័ន្ធនិងនាយកសាលារៀនរដ្ឋ​ និងសាលារៀនឯកជន​ទាំងអស់។ នៅក្នុងឱកាសនោះ ក្នុងនាមអធិការនគរបាលខណ្ឌ លោកបានឲ្យនាយក នាយករងសាលាទាំងអស់លើកឡើងពីបញ្ហាប្រឈមនានា បន្ទាប់មកអធិការដ្ឋានខណ្ឌក៏បានសំណូមពរឲ្យតាមសាលាទាំងអស់ដាក់កាមេរ៉ាសុវត្ថិភាព ហើយបង្កើតគ្រុបតេឡេក្រាមជាមួយអាណាព្យាបាលសិស្ស។

អធិការបានថ្លែងបន្តទៀតថា ក្រៅពីនេះឲ្យលោកនាយក នាយករងទាំងអស់ព្យាយាមទាក់ទងតាមគ្រុបមកកាន់អធិការដ្ឋានខណ្ឌ ដើម្បីធ្វើការងារហ្នឹងហើយនិងយកចិត្តទុកដាក់លើវត្តមានសិស្ស។ ជាពិសេសគឺយានជំនិះដែលសិស្ស មួយចំនួនទុកនៅក្រៅសាលា នៅពេលដែលសិស្សចេញលេងសិស្សទាំងនោះឆ្លៀតដើរលេងក្រោយពីពួកគេចុះវត្តមានក្នុងថ្នាក់រៀនរួចហើយ។ ចំណែកសិស្សដែលអវត្តមានប៉ុន្មាននាក់ សុំឲ្យឡើងតារាងនិងផ្ដល់មកអធិការដ្ឋានខណ្ឌដើម្បីអធិការខណ្ឌយកសាវតាជាតិកំណត់មុខសញ្ញាបង្រ្កាបក្មេងទំនើង។

លោកអធិការបានបញ្ជាក់ថា លោកក៏បានស្នើសុំឲ្យលោកនាយក នាយករងធ្វើការការឆែកមធ្យោបាយរបស់សិស្សនិងកន្តាបរបស់សិស្សពាក់ព័ន្ធនិងការទុកដាវនិងកាំបិត ហើយក៏សំណូមពរឲ្យលោកគ្រូ អ្នកគ្រូព្យាយាម បង្កើតពេលវេលា ដើម្បីអធិការដ្ឋានខណ្ឌចុះធ្វើការផ្សព្វផ្សាយពីបញ្ហាក្មេងទំនើងនិងគ្រឿងញៀន ធ្វើយ៉ាងណាឲ្យសិស្សមួយចំនួនបោះបង់គំនិតអាក្រក់ចោល ហើយងាកមកធ្វើជាសិស្សល្អខិតខំប្រឹងប្រែង សិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាង ចៀសផុតពីការមានទោសទណ្ឌ៕