(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឹណែវ ប្រទេសស្វីស បណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានចូលរួមក្នុងវេទិកាអ្នកជំនាញសង្រ្គោះជនរងគ្រោះដោយសារមីន ឆ្នាំ២០២៤ (Victim Assistance Experts Meeting 2024) នៃគណៈកម្មការស្តីពីកិច្ចសង្រ្គោះជនរងគ្រោះ អនុសញ្ញាអូតាវ៉ា ដែលមានតំណាងនៃប្រទេស Burkina Faso ហូឡង់ ស្លូវេនី និង Zambia ជាសមាជិក។

លោកបណ្ឌិត លី ធុជ បានលើកឡើងថា កិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពចំនួន៣ របស់កម្ពុជាបានដាក់ចេញក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងក៏ជាកិច្ចការអាទិភាពរបស់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ដែលកម្ពុជាបានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នេះ ក្នុងនាមជាប្រទេសដែលធ្លាប់រងផលប៉ះពាល់ដោយសារមីន។

លោកបណ្ឌិត លី ធុជ បានកោតសរសើរចំពោះកិច្ចខិតខំប្រែងរបស់រដ្ឋភាគី និងដៃគូពាក់ព័ន្ធ ក្នុងការទាក់ទាញការយកចិត្តទុកដាក់ចំពោះអ្នករស់រានមានជីវិតពីគ្រោះថ្នាក់ ក្រុមគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ ដោយសារមីនជុំវិញពិភពលោក ក៏ដូចជាចូលរួមចំណែកជាធាតុចូលក្នុងការពិនិត្យឡើងវិញ និងផែនការសកម្មភាពអូស្លូ។ ទោះបីយ៉ាងណា យើងពិតជាត្រូវការបន្តពង្រីកបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ សម្រាប់ជំនួយជនរងគ្រោះ ដើម្បីផ្តល់អំណាចដល់ជនរងគ្រោះដោយសារមីនទាំងអស់។ ជាមួយគ្នានេះ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃផែនការសកម្មភាពអូស្លូរយៈពេល ០៥ឆ្នាំ ២០១៩-២០២៤ ទាក់ទងនឹងជំនួយជនរងគ្រោះ។

បណ្ឌិត លី ធុជ បន្តទៀតថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់សម្រាប់អនុសញ្ញាអូតាវ៉ា ដែលសហគមន៍អនុសញ្ញា នឹងប្រមូលផ្តុំគ្នានៅឯកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីទទួលស្គាល់ និងអបអរសាទរនូវសមិទ្ធផលរួម ក្នុងការអនុម័តផែនការសកម្មភាពថ្មី និងពង្រឹងការប្តេជ្ញាចិត្តឆ្ពោះទៅរកការលុបបំបាត់គ្រាប់មីន និងការផ្តល់អំណាចដល់ជនរងគ្រោះដោយសារមីន។ ការរៀបចំ និងព្រាងផែនការសកម្មភាពថ្មី តម្រូវឱ្យមានផ្នែកដ៏រឹងមាំ តម្រង់ទិសសកម្មភាព និងភាពប្រាកដនិយមរួមបញ្ចូលលើជំនួយជនរងគ្រោះ ដោយធ្វើការពិនិត្យឡើងវិញ ដើម្បីកែលម្អលើកិច្ចខិតខំប្រឹងប្រែងកន្លងមក និងធាតុចូលទទួលបានពីសន្និសីទសកលលើកទី៣ ស្តីពីជំនួយជនរងគ្រោះដោយសារមីន ដែលបានប្រព្រឹត្តិទៅនៅភ្នំពេញ ឆ្នាំ២០២៣ កន្លងទៅ៕