(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានលើកឡើងថា ការកសាងអំពើល្អ ធ្វើអំពើល្អ និងរួមសុខទុក្ខជាមួយពលរដ្ឋ គឺជាគោលការណ៍មួយរបស់គណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត  ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាស្រុក ខណ្ឌ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពត។

លោកបណ្ឌិត ម៉ៅ ធនិន បន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្នក់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍ និងទទួលបានសន្តិភាពពេញលេញ ព្រមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សមួយមានភាពចាស់ទុំជាងគេផ្នែកនយោបាយ និងជាគណបក្ស ដែលនាំមកនូវសុខសន្តិភាពជូនពលរដ្ឋ និងប្រទេសកម្ពុជា ហើយបានធ្វើអោយប្រទេសមួយនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ មូលដ្ឋានគ្រឹះរបស់គណបក្ស គឺកសាងអំពើល្អ ធ្វើអំពើល្អ ពិសេសការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

គណបក្សតែងតែគិតគូជានិច្ខពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរួមរស់ជាមួយពលរដ្ឋគ្រប់កាលៈទេសៈ មិនទុកឱ្យពលរដ្ឋជួបទុក្ខលំបាក និងមិនរត់ចោលប្រជាពលរដ្ឋទោះស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ និយាយជារួមគឺ សុខទុក្ខរបស់ពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

លោក ម៉ៅ ធនិន ក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានគ្រប់ក្រុង-ស្រុកទាំង៩ ត្រូវកសាងអំពើល្អ ធ្វើអំពើល្អឲ្យបានច្រើន ពិសេសគឺត្រូវរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កសាងកម្លាំងថ្មី រក្សាចាស់ ពិសេសត្រូវអនុវត្តន៍ឱ្យបាននូវមូលដ្ឋានគ្រឹះរបស់គណបក្ស ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពសុខសាន្តជាអចិន្ត្រៃយ៍ជូនពលរដ្ឋ។

ជាមួយគ្នានេះ លោកប្រធានគណៈកម្មការគណបក្សខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទាំងអស់នៅទូទាំងខេត្ត ដែលបានខិតខំបំពេញ ការងារបំរើប្រជាពលរដ្ឋតាមមូលដ្ឋានបានល្អប្រសើរ ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី -ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ខណ្ឌ អាណត្តិទី៤ កន្លងមក  ដែលនេះបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់។

ទន្ទឹមនឹងជោគជ័យនេះលោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ក៏បានជំរុញដល់ថ្នាក់ដឹកនាំគណបក្សក្នុងខេត្តកំពតទាំងអស់ សូមបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការគ្រប់គ្រង ភូមិសាស្ត្រនយោបាយ ការកសាងកម្លាំងថ្មី រក្សាចាស់ បន្តរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាប់ជាប្រចាំ ផ្តល់ទំនុកចិត្ត ការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្ស ព្រោះអ្នកនៅមូលដ្ឋានគឺជាអ្នកកំណត់នូវភាពជោគជ័យរបស់គណបក្ស៕