(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានចូលរួមវេទិកាតុមូលសកលភាវូបនីយកម្មអនុសញ្ញា (Universalization Roundtable) ដែលប្រពឹត្តិទៅ នៅនិវេសនដ្ឋានឯកអគ្គរាជទូតបែលហ្សិកប្រចាំទីក្រុងហ្សឺណែវ ដើម្បីធ្វើការពិភាក្សាអំពីលទ្ធភាពនៃការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក Marc PECSTEEN de BUYTSWERVE ឯកអគ្គរាជទូត និងតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រទេសបែលហ្សិកប្រចាំទីក្រុងហ្សឺណែវ, លោក Latsamy KEOMANY ឯកអគ្គរដ្ឋទូតឡាវ, លោក Ram Prasad SUBEDI ឯកអគ្គរដ្ឋទូតនេប៉ាល់, លោក Thomas GÖBEL ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់, លោក Davaasuren GERELMAA ឯកអគ្គរដ្ឋទូតម៉ុងហ្គោលី, លោក MAI Phan Dung ឯកអគ្គរដ្ឋទូតវៀតណាម និងលោកស្រី Venephet PHILATHONG នាយកស្តីទីទទួលបន្ទុកផ្នែកកិច្ចការសន្តិសុខនយោយបាយអង្គការសហប្រជាជាតិ នៃក្រសួងការបរទេសប្រទេសឡាវ។

កិច្ចពិភាក្សា បានផ្តោតលើវឌ្ឍនភាពនៃការធ្វើសកលភាវូបនីយកម្មអនុសញ្ញា ដែលជាកិច្ចការអាទិភាពទី១ របស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ការពង្រឹង និងអំពាវនាវឱ្យមានវិធីសាស្រ្តសម្របសម្រួល តាមរយៈក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម នៃអនុសញ្ញាអូតាវ៉ា។

ក្នុងភាពជាប្រធានបណ្ឌិត លី ធុជ បានលើកឡើងថា កម្ពុជា បានបង្កើតបញ្ជីនៃរដ្ឋគោលដៅដែលមិនមែនជាភាគីដែលបានបង្ហាញចំណាប់អារម្មណ៍លើការងារនៃអនុសញ្ញានេះ ហើយមានបំណងចូលរួមក្នុងកិច្ចសន្ទនា សហប្រតិបត្តិការ និងស្វែងរកវិធានការចាំបាច់ដើម្បីក្លាយជារដ្ឋភាគី។

ជាមួយគ្នានោះ លោក លី ធុជ បានជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងប្រទេសឡាវ វៀតណាម កោះម៉ាស្យាល តុងហ្គា មីក្រូនេស៊ី និងម៉ុងហ្គោលី ព្រមទាំងបានផ្ញើនូវលិខិតផ្លូវការទៅកាន់បណ្តារដ្ឋទាំងអស់ដែលមិនមែនជារដ្ឋភាគី ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពក្នុងការតម្រឹមឱ្យកាន់តែជិតទៅនឹងអនុសញ្ញា។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះ លោក Marc PECSTEEN de BUYTSWERVE ឯកអគ្គរាជទូត និងតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រទេសបែលហ្សិកប្រចាំទីក្រុងហ្សឺណែវ ដែលបានរៀបចំនូវកិច្ចជំនួបតុមូលនេះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយឯកអគ្គរដ្ឋទូតអាស៊ានមកពីប្រទេសវៀតណាម ឡាវ និងសិង្ហបុរី ផងដែរ៕