(បាត់ដំបង)៖ ប្រារព្ធទិវាពិភពលោកយល់ដឹងអំពីការបំពានទៅលើមនុស្សវ័យចាស់១៥ មិថុនា និងសម្ពោធ «សហគ្រាសសង្គមល្អីបៃតង» ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៤ ក្រោមវត្តមានលោក មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា, លោកស្រី កែវ ដាណា អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា។

លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានអបអរសាទរ ដល់ទិវាពិភពលោកយល់ដឹងអំពីការបំពានទៅលើមនុស្សវ័យចាស់១៥មិថុនា ដែលបានធ្វើឡើងជារៀល់ឆ្នាំរហូតមក ព្រមទាំងបានរំលឹកដល់មនុស្សចាស់ទូទាំងពិភពលោក ពិសេសនៅខេត្តបាត់ដំបងនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះ ក៏បានរៀបចំពិធីសម្ពោធ «ហាងល្អីបៃតង» ក្នុងគម្រោងសហគ្រាសសង្គមល្អីបៃតង នៅខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសដល់សមាគមជាដៃគូរបានលក់ផលិតផលមានបន្លែ ផ្លែឈើ ធម្មជាតិជាច្រើនមុខ និងប្រេងចម្រាញ់ពីគ្រាប់ធញ្ញជាតិ គ្រប់មុខធ្វើជាឱសថដើម្បីលើកស្ទួយសេដ្ឋកិច្ចក្នុងសហគម ដែលបានជួយដល់មនុស្សចាស់បានមួយផ្នែកផងដែរ។

លោកស្រី កែវ ដាណា អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង សូមអបអរសាទរដែលថ្ងៃនេះ បានធ្វើពិធីចំនួន២ក្នុងពេលតែមួយ ក្នុងនោះ គឺជាទិវាពិភពលោកយល់ដឹងអំពីការបំពានទៅលើមនុស្សវ័យចាស់ ១៥ មិថុនា និងពិធីសម្ពោធ «ហាងល្អីបៃតង» ក្នុងគម្រោងសហគ្រាសសង្គមល្អីបៃតងនៅខេត្តបាត់ដំបង ជាហាងលក់ទំនិញកសិផល និងកសិឧស្សាហកម្ម ទំនិញមានសុវត្តិភាព ដែលបម្រើឲ្យដល់សុខភាពអ្នកប្រើប្រាស់ល្អប្រសើរ។

លោកស្រីបន្តថា កន្លងមក «ហាងល្អីបៃតង» បានដំណើរការម្តងហើយរួចបានផ្អាតទៅវិញ តែពេលនេះ ដោយសារមានថ្នាក់នាំក្រសួង អង្គការមនុស្សចាស់កម្ពុជា អង្គការដៃគូរ និងស្ថាប័ន្នពាក់ព័ន្ធ ជាច្រើនបានរួមគ្នាជំរុញឲ្យ «ហាងល្អីបៃតង» ដំណើរការឡើងវិញ បើកលក់ផលិតផលក្នុងស្រុក និងផលិតផលកសិកម្ម មានបន្លែសុវត្ថភាព និងប្រេងឱសថធម្មជាតិជាច្រើនមុខ សម្រាប់លក់ជូនអ្នកប្រើប្រាស់គួរជាទីទុកចិត្តផងដែរ។ លោកស្រីក៏បានលើកទឹកចិត្តដល់សហគ្រាសសង្គមល្អីបៃតងនៅខេត្តបាត់ដំបង ដែលនិងចែកចាយទំនិញប្រកបដោយសុវត្ថិភាព។

លោក មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា យោងតាមរបាយការណ៍ មនុស្សដែលមានវ័យចាស់ទាំងអស់ ចាប់ពីអាយុ៦០ឆ្នាំឡើង គឺអ្វីៗទាំងអស់មានការអន់ថយទៅតាមសុខភាពផ្សេងៗគ្នា។ ក្រសួងសង្គមកិច្ច បានរៀបចំគោលនយោយបាយសម្រាប់មនុស្សចាស់ដែលមាន ៩ចំណុចសំខាន់ៗ ក្នុងគោលនយោបាយនោះស្រាប់។ ក្រសួងសង្គមកិច្ច ដែលជាសេនាធិការរបស់រាជរដ្ឋបាលបានសហការគ្នាជាមួយក្រសួងផ្សេងៗជាច្រើនមួយចំនួន បានខិតខំជួយដល់មនុស្សចាស់ទូទៅ ឲ្យពួកគាត់មានមុខរបរ ដើម្បីរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរបស់គាត់ តាមរយ:ការដាំដុះកសិកម្ម មានការដាំបន្លែ និងមានកិច្ចការផ្សេងទៀត។

ការងារមនុស្សចាស់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ដល់មនុស្សចាស់ ដោយមានក្រសួងសង្គមកិច្ចផ្ទាល់ជាអ្នកមើលការខុសត្រូវ និងការពារ មិនឲ្យមាននូវការរំលោភបំពានទៅលើមនុស្សចាស់នោះបានឡើយ។ លោកបានបន្តថា យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ចំពោះឪពុកម្តាយរបស់យើង គ្រប់គ្នាផង។

ដោយឡែកចំពោះមនុស្សចាស់ទូទៅដែលក្រីក្រ រាជរដ្ឋាភិបាលក៏ដូចជាក្រសួង មន្ទីរសង្គមកិច្ច បានផ្តល់បណ្ណក្រីក្រ បណ្ណសមធម៌ ជូនពួកគាត់សម្រាប់ទ្រទ្រង់ផ្នែកសុខភាពនៅពេលគាត់ឈឺ។ ក្នុងនោះដែរ កន្លងមកយើងក៏បានរៀបចំចងក្រងមនុស្សចាស់ជាក្រុម ជាសហគម ដែលមានអង្គការមនុស្សចាស់ជាអ្នកធ្វើកិច្ចការងារនេះ ហើយក៏មានកិច្ចសហការជួយពីមន្ទីរសង្គមកិច្ចខេត្ត ដើម្បីងាយស្រួលក្នុងការជួយដល់មនុស្សចាស់ បានទាន់ពេលវេលាផងដែរ។

ដោយឡែក ហាងល្អីបៃតង ដែលជាគម្រោង «សហគ្រាសសង្គមល្អីបៃតង» នៅខេត្តបាត់ដំបងនាពេលនេះ គឺបានចំណេញច្រើនដូចជា យុវជនមានការងារធ្វើមួយចំនួន ម្ចាស់សហគ្រាសមួយចំនួន បានយកទំនិញមានគុណភាពល្អ ប្រកបដោយសុវត្ថិភាព ដល់អ្នកប្រើប្រាស់ និងផ្តល់ឱកាសដល់មនុស្សចាស់ដែលមានជំនាញខាងដាំបន្លែសុវត្ថិភាពយកលក់នៅហាង «ល្អីបៃតង» គាត់បានចំណូលសម្រាប់ដោះស្រាយជីវភាពដល់ពួកគាត់ មានជីវភាពធូធារផងដែរ៕