(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីជំហរនៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លងដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។

ការបញ្ជាក់ពីជំហរនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

លោក សាយអា ម៉ាអ៊ូ ព្យូកាឡា បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗក្នុងការកែលម្អវិស័យសុខាភិបាលនៅកម្ពុជា ដោយជាក់ស្តែងលោកបានចុះទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកចតុមុខ ដោយលោកបានឃើញអំពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ លោកថា សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាការខិតខំប្រឹងប្រែងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វាយឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិ ក៏ដូចជានៅក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ។

លោកថ្លែងថា «អង្គការសុខភាពពិភពលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លងដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត»

ក្នុងទិដ្ឋភាពនៃវិស័យសុខាភិបាលក្នុងតំបន់ លោក សាយអា ម៉ាអ៊ូ ព្យូកាឡា បានបញ្ជាក់ថា ការចូលរួមគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំក្នុងតំបន់ នឹងជួយទប់ស្កាត់ស្ថានភាពជំងឺដែលអាចកើតមានឡើង ជាពិសេសប្រជាពលរដ្ឋចំនួន១.៩ពាន់លាននាក់នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចនេះ នឹងអាចទទួលបាននូវសេវាសុខាភិបាលមួយប្រកបដោយគុណភាព និងតម្លៃសមរម្យ ហើយអង្គការសុខភាពពិភពលោកនឹងចូលរួមសហការគ្នារួមទាំងកម្លាំងកាយ ហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបាននូវសុខភាពកាន់តែល្អប្រសើរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការស្វាគមន៍ចំពោះលោកនាយក សាយអា ម៉ាអ៊ូ ព្យូកាឡា ដែលបានមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការសុខភាពពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចធិបតីបង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកក្នុងការកសាងនូវប្រព័ន្ធសុខាភិបាលមួយនៅកម្ពុជាប្រកបដោយភាពធន់ ដែលនឹងផ្តល់នូវសេវាសុខាភិបាលក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់។

សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាលជាអាទិភាពគន្លឹះមួយ ជាពិសេសក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពរឹងមាំ ប្រកបដោយបញ្ញាស្មារតី និងទទួលបានការអប់រំល្អប្រសើរ។

សម្តេចធិបតីក៏បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំប្រព័ន្ធសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមរយៈការកែលម្អមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព ក៏ដូចជាការកសាងនូវមន្ទីរពេទ្យតំបន់ ដែលគ្រោងនឹងរៀបចំឱ្យមានលក្ខណៈល្អប្រសើរ ដោយចាប់ផ្តើមសាកល្បងដំណើរការមន្ទីរពេទ្យតំបន់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋម នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក រួមជាមួយការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ជាក់ស្តែង រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥»

សម្តេចធិបតីក៏បានថ្លែងអំណរគុណសាជាថ្មីចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងសកម្មរបស់អង្គការសុខភាពពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ រួមទាំងក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ៕